ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា សង្ឃឹមថាការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌នានាលើ​ដង​វិថីថ្មើរជើង (Walk Street) នឹ​ងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន

0

ឯកឧត្ដម វ៉ាង វិនបីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បង្ហាញក្ដីសង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និង​សកម្មភាព​វប្បធម៌ និង​ការកម្សាន្តផ្សេងទៀតនៅលើដងវិថីថ្មើរជើង (Walk Street) នឹងទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​កាន់​តែ​ច្រើន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម វ៉ាង វិនបីន បានលើកឡើងថា «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថី​ថ្មើរ​ជើង​នៅ​មាត់​ទន្លេ​ក្នុង​រាជធានីភ្នំពេញ បានក្លាយជាកន្លែង​កម្សាន្ត​ចុង​សប្តាហ៍​ដ៏​ពេញ​និយម​សម្រាប់​អ្នក​រស់​នៅ​ក្នុង​តំបន់​ និងភ្ញៀវទេសចរ។»

ទាក់ទិននឹងការរៀបចំឱ្យមាន វិថីថ្មើរជើង (Walk Street) សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នាពេលថ្មីៗ បានកោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជាគ្រប់ស្ថាប័ន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាល្អក្នុងការរៀបចំផ្លូវថ្មើរជើងនេះបានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ ដើរកំសាន្តនៅចុងសប្តាហ៍ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ។

គួររំលឹកផងដែរថា ការសាកល្បងផ្លូវថ្មើរជើង (Walk Street) នេះត្រូវបានធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយ តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។