ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងពីផលវិជ្ជមាននាំឱ្យកម្ពុជា ជាទីតាំងគួរពិចារណាដាក់ទុនវិនិយោគ

0

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

ការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសបំពេញទស្សនកិច្ចស្វែងយល់អំពីរចនាសម្ព័ន្ធរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្មក្រុងចឹងចូវ (Zhengzhou Agricultural Development Group Co., Ltd.) នៅក្នុងទីក្រុងចឹងចូវ ខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥នេះ។

លោក Zhou Fuqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តហឺណាន។ ជាមួយគ្នានេះ លោកក៏បានធ្វើការពិព័ណ៌នាអំពីសក្តានុពលរបស់ខេត្តហឺណាន ព្រមទាំងវឌ្ឍនភាពនៃការស្ថាបនាសួនកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Zhengzhou Agricultural Development Group ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៃអាកាសយានដ្ឋានអន្តរជាតិក្រុងចឹងចូវ។ លោកក៏បានសម្តែងនូវសុទិដ្ឋិនិយមថាក្រុមហ៊ុន Zhengzhou Agricultural Development Group នឹងអាចមានលទ្ធភាពសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។

តាមរយៈជំនួបនេះ ភាគីទាំងពីរបានលើកឡើងអំពីសាវតានៃចំណងមិត្តភាពជាបងប្អូនរវាងកម្ពុជា និងចិន ចាប់តាំងពីរជ្ជកាល ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» រហូតមកដល់បច្ចុប្បន្ន ដែលចំណងមិត្តភាពមួយនេះត្រូវបានប្រសិទ្ធនាមថា «មិត្តដែកថែប»។ មិត្តភាពដែកថែប របស់កម្ពុជានិងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយនឹងការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤ – ២០២៨)៕