ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តភាគីចិន ពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People – P2P) ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business – B2B) និងដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន មកទស្សនាកម្ពុជាឱ្យបាន១លាននាក់ ក្នុងឆ្នាំ២០២៥នេះ។
ការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចការងារ ទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន(Henan Airport Investment Group) និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅនៃសហគ្រាស និងជំរុញការវិនិយោគបន្ថែមទៀតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកអគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងសហការីពិនិត្យលទ្ធភាព និងឱកាសក្នុងការមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀតតាមរយៈការឆក់យកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុន។
តាមរយៈជំនួបនេះ គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ ការគាំទ្រវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល និងសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ភាគីចិនផងដែរ។
សូមជម្រាបជូនថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។
លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តហ៊ឺណាន។ បន្ថែមពីនេះ លោកក៏បានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួនដែលបានធ្វើពិពិធកម្មប្រកបដោយភាពជាក់ស្តែងនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស (Air Silk Road Initiative)។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានធ្វើការបោះជំហានវិនិយោគនៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)៕