Home សង្គម នាយឧត្តមសេនីយ៍ សៅ សុខា៖ ការធ្វើកំណែទម្រង់អាវុធហត្ថ ផ្អែកលើគោលការណ៍ចំនួន៤

នាយឧត្តមសេនីយ៍ សៅ សុខា៖ ការធ្វើកំណែទម្រង់អាវុធហត្ថ ផ្អែកលើគោលការណ៍ចំនួន៤

0

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ការធ្វើកំណែទម្រង់អាវុធហត្ថផ្អែកលើគោលការណ៍៤ គឺ ប្រមូលផ្តុំរៀបរយ ទំនើបកម្ម ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដែលទាមទាចាំបាច់នូវការងារអប់រំ និងបណ្តុះបណ្តាល។ ឯកឧត្តម បានបញ្ជាក់ថា កងកម្លាំងខិតខំរៀនសូត្រមានសញ្ញាបត្រ គឺជាអ្នកតស៊ូ ហើយស័ក្តិសមនឹងត្រូវបានលើកតម្កើង។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកោតសរសើរដល់កងកម្លាំងអាវុធហត្ថខេត្តកំពតទាំងអស់ ដែលបានអនុវត្តភារកិច្ច និងតួនាទីបានល្អ ទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា អាវុធហត្ថបានធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍ចំនួន៤ ដើម្បីបង្កើនគុណភាពនៃការប្រតិបត្តិតួនាទី និងភារកិច្ចឱ្យកាន់តែប្រសើរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងរាជអាវុធហត្ថក្នុងការថែរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងផ្តល់ជូននូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកសម្រាកលម្ហែក្នុងខេត្តកំពតផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យកម្លាំងអាវុធហត្ថបន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់ពេលនេះ ធ្វើឡើងតាមគំរូប្លង់រចនាបទសិល្បៈខ្មែរ នៃឯកភាពតែមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលអគារសេនាធិការនេះមានទទឺងប្រវែង ១២ម៉ែត្រ បណ្តោយប្រវែង ៥៦ម៉ែត្រ មានកម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡា ២.០១៦ម៉ែត្រក្រឡា ដោយត្រូវប្រើពេលសាងសង់រយៈពេល ១៥ខែ និងចំណាយទឹកប្រាក់អស់ ២.៦០០លានរៀល ដោយមិនទាន់គិតបញ្ចូលនូវគ្រឿងបំពាក់នៅឡើយទេ៕

Previous articleផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ គឺជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការកំណត់អំពីបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់មូលដ្ឋាន
Next articleកីឡាករ ៣នក់របស់ Leicester ធ្វើឲ្យលោក van Nistelrooy បាត់បង់ទំនុកចិត្ត