ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ”នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប

0

នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ” នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដើម្បីជាការអបអរសាទរដល់ភាពចម្រុះនៃវប្បធម៌ និងសិល្បៈ ដែលនឹងប្រមូលផ្តុំសិល្បករកម្ពុជា និងសិល្បករមកពីបរទេស និងបណ្តាប្រទេសអាស៊ានក្នុងការបង្កើតជាព្រឹត្តិការណ៍ដ៏សំខាន់មួយគាំទ្រដល់ការបង្កើនចរន្តភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តសៀមរាប។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈការរៀបចំ «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ» គឺនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏មានជំនឿយ៉ាងមុតមាំថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ៕