រាជរដ្ឋាភិបាលបង្កើនការគាំពារគុណភាពទឹកសាធារណៈ ដើម្បីសេដ្ឋកិច្ចនិងសង្គមកម្ពុជា

0

រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការគ្រប់គ្រងគុណភាពទឹកនៅកម្ពុជាដែលបានធ្វើឡើងតាមរយៈសារាចរស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

វិធានការនេះ ធ្វើឡើងតាមរយៈជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស ផលិតកម្ម អាជីវកម្ម ត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ ។

ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម បុរីលំនៅឋាន រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបង្ហូរទៅតំបន់ទឹក សាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ។

ទន្ទឹមនេះ សារាចរក៏បានជំរុញការអនុវត្តនិរន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។

ការបង្កើនការគ្រប់គ្រងគុណភាពទឹកសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រងនិងត្រួតពិនិត្យ ការបំពុលទឹក ប្រភពទឹកសាធារណៈ ហើយក្តីក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ នៅមានកម្រិតនិងមិនទាន់ឆ្លើយតបទៅនឹង កំណើនសកម្មភាពនៃការអភិវឌ្ឍនេះទេ។

សូមបញ្ជាក់ថា ការចេញសារាចររបស់រាជរដ្ឋាភិបាលពេលនេះស្របពេលដែលគណៈកម្មការអន្តរក្រសួង ក្នុងការសម្របសម្រួលរួម សម្រាប់អនុវត្តគម្រោងស្ដីពី «ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» កាលពីថ្ងៃទី១១ ខែមីនា២០២៥ បានរកឃើញរោងចក្រចំនួន៧ដែលបានបង្ហូរទឹកកខ្វក់ ចូលប្រភពទឹកស្អាតធម្មជាតិ ។

ក្រសួងបរិស្ថានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កំពុងតែរៀបចំឯកសារ ហើយនឹងស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យ និងបិទអាជីវកម្មរបស់រោងចក្រក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. នាពេលខាងមុខ ក្រោយពីរកឃើញថា ក្រុមហ៊ុននេះនៅតែបន្តលួចបង្ហូរសំណល់កខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដោយមិនបានឆ្លងកាត់ប្រព្រឹត្តិកម្មអោយបានត្រឹមត្រូវ។

ទន្ទឹមនេះក្រសួងបរិស្ថាន កាលពីថ្ងៃទី១៩ ខែកុម្ភៈ២០២៥នេះបានរកឃើញ ថារោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមនាយកដ្ឋានគ្រប់គ្រងគុណភាពទឹកនៃក្រសួងបរិស្ថានបានអោយដឹងថា មានកម្មវិធីចុះយកសំណាកទឹកនៅតាមទន្លេនិងស្ទឹងជាប្រចាំដើម្បីគ្រប់គ្រងការបំពុលទឹកនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ព្រឹទ្ធសភាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីសម្រេចគោលដៅទប់ស្កាត់ និង កាត់បន្ថយ ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឲ្យបាន ៥០ ភាគរយ នៅត្រឹម ឆ្នាំ ២០៣០ ស្របតាមគោលដៅ អភិវឌ្ឍន៍ ប្រកបដោយ ចីរភាពរបស់អង្គការ សហប្រជាជាតិ៕