ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា នៅឆ្នាំ២០២៤កន្លងនេះ ការចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនីបានកើនឡើង ៣១២ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនតែ ៧៥៧គ្រឿង។ កំណើនការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីនេះបន្ទាប់ពី មានការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារភាពអំណោយផលនៃគុណសម្បត្តិរបស់វា ដូចជាការចំណាយតិចជាងការប្រើប្រាស់យានយន្តដំណើរការដោយប្រេងឥន្ធនៈ។ ម៉្យាងទៀតគឺដោយសារមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលបានជំរុញការប្រើប្រាស់និង ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទាំងមូល ជាពិសេសផ្តោតលើទិដ្ឋភាពគន្លឹះសំខាន់ៗ ដូចជា៖ ១)- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងស្ថានីយបញ្ចូលថាមពលនិង បណ្តាញតភ្ជាប់ដែលឈានដល់ការប្រើប្រាស់បច្ចេកវិទ្យា 5G, ២)- ការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់នៃគ្រឿងបង្គំយានយន្ត រួមទាំងអាគុយ, ៣)- ការរៀបចំយន្តការលើកទឹកចិត្តដើម្បីជំរុញវិស័យនេះ, ៤)- ការបញ្ជាបការយល់ដឹងដល់អ្នកប្រើប្រាស់ និង ៥)- ការគ្រប់គ្រងសំណល់។ រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រីកការលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តប្រភេទនេះនៅតាមទីក្រុងតាមរយៈការបង្កើតបរិយាកាសងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដូចជា ផ្លូវថ្នល់ដែលសមស្រប តាមស្តង់ដា ក្នុងការប្រើប្រាស់យានយន្តប្រភេទនេះ ប្រភពថាមពលដែល អាចជឿទុកចិត្ត បង្កើនស្ថានីយសាកថ្មឱ្យបានច្រើន និងវិធីសាស្រ្តសំខាន់ៗជាច្រើនទៀត ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្ត អគ្គីសនីតាមរយៈការបន្ធូរបន្ថយពន្ធសម្រាប់ការនាំចូល និងផ្តល់ការសម្របសម្រួលដល់ការបើក រោងចក្រផលិតសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដែលមានចំណាប់អារម្មណ៍ចង់បោះទីតាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលនេះគឺជាចំណុចសំខាន់ៗក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានចក្ខុវិស័យរយៈពេលវែងក្នុងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូនជាមួយការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យនូវចំនួននៃការប្រើប្រាស់រថយន្តអគ្គីសនីតូចធំឲ្យបាន ៤០ភាគរយ និងម៉ូតូអគ្គីសនីឲ្យបាន ៧០ភាគរយនៅត្រឹមឆ្នាំ២០៥០។ ដើម្បីពន្លឿនការងារនេះ នៅឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវការលើកលែងពន្ធសម្រាប់ការនាំចូលរថយន្តអគ្គិសនី ដែលធ្វើឱ្យវាកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់។
បន្ថែមពីលើនេះ រដ្ឋាភិបាលកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាកអាគុយ ដោយមានគម្រោងដំឡើងស្ថានីយ៍សាកអាគុយនៅទូទាំងក្រុងធំៗ និងនៅតាមមហាវិថីនានា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញការវិនិយោគពីបរទេសក្នុងវិស័យយាន្តយន្តអគ្គិសនីនេះ។ កាលពីខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាអនុម័តយុទ្ធសាស្ត្ររយៈពេលវែងរបស់ កម្ពុជាដើម្បីអព្យាក្រឹតភាពកាបូន ដែលដាក់ចេញចក្ខុវិស័យរបស់កម្ពុជាក្នុងការឈាន ទៅរកសេដ្ឋកិច្ចប្រកបដោយអព្យាក្រឹតភាពកាបូនត្រឹម ឆ្នាំ២០៥០។
សម្រាប់ការងារនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចំណុចដៅកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យ ដឹកជញ្ជូន តាមរយៈបណ្ដុំវិធានការមួយចំនួនរួមមាន៖ ការធ្វើអគ្គិសនីភាវូបនីយកម្មនៃ ទោចក្រយានយន្តចំនួន២០ភាគរយ រថយន្តគ្រួសារចំនួន៤០ភាគរយ និងរថយន្តដឹកអ្នកដំណើរក្នុងក្រុងចំនួន៤០ភាគរយ នៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្រ នេះ ក៏មានបំណងបង្កើនការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈដោយយានយន្តអគ្គិសនី៣០ភាគរយ នៃមធ្យោបាយដឹកជញ្ជូនក្នុងទីក្រុង ត្រឹមឆ្នាំ២០៥០ ផងដែរ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមជាមួយពិភពលោកទាំងមូលដែល កំពុងនាំគ្នាផ្តោត លើបញ្ហាប្រែប្រួលអាកាសធាតុ ដោយទាមទារឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យបានដល់ កម្រិតមួយ ដែលគេហៅថា “ហ្សេរ៉ូកាបូ” ឬ “អព្យាក្រឹតកាបូន”ដែលជាការចូលរួមកាត់បន្ថយកំដៅភពផែនដី ឆ្លើយតបនឹងគ្រោះធម្មជាតិ៕