សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ត្រៀមដើម្បីរៀបចំគោលនយោបាយ លើកទឹកចិត្តពិសេស ដល់វិស័យឯកជន ដែលវិនិយោគ ឬទាកទាញអ្នកវិនិយោគ បង្កើតជាខ្សែសង្វាក់ផលិតកម្ម ជាផលិតផលសម្រេច តួយ៉ាងផលិតជាធាតុបង្គំក្នុងស្រុក ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការនាំចូលពីក្រៅ១០០% ។
ក្នុងឱកាស អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើង ពីបម្រែលបម្រួលពាណិជ្ជកម្មសេដ្ឋកិច្ចពិភពលោក ខណៈកម្ពុជា ពឹងផ្អែកទៅលើការនាំចេញច្រើន ដែលទាមទារ ឱ្យកម្ពុជាត្រូវពង្រឹង និងពិនិត្យវាយតម្លៃឡើងវិញ ព្រោះកត្តាពាណិជ្ជកម្ម សេដ្ឋកិច្ចពិភពលោកនេះ គឺមានភាពផុយស្រួយ ។ ក្នុងនោះមិនមែនតែកម្ពុជានោះទេ មានប្រទេសជាច្រើន កំពុងតែព្រួយបារម្ភ អំពីការប្រែប្រួលភ្លាមៗ នៃគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មសហរដ្ឋអាមេរិក ។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការបត់បែនបែបនេះ អាចជាការងារថ្មីមួយសម្រាប់កម្ពុជា ប៉ុន្តែមិនមែនជាការងារថ្មីសុទ្ធសាធសម្រាប់ពិភពលោកនោះទេ ហើយក៏មិនមែនជាលើកចុងក្រោយ ដែលអាចកើតនោះដែរ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ពិនិត្យវាយតម្លៃអំពីរចនាសម្ព័ន្ធផលិតកម្ម ខណៈដែលរាជរដ្ឋាភិបាល កំពុងធ្វើយ៉ាងណា ដើម្បីទាញនៅក្នុងការផលិត ឱ្យបានច្រើននៅក្នុងស្រុក ជាពិសេសធាតុផ្គុំឱ្យបានច្រើន ។
ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមលើកទឹកចិត្ត ឱ្យវិស័យឯកជនរបស់យើង ទាក់ទាញដៃគូមកវិនិយោគ ក្នុងការផលិតខ្សែចង្វាក់នៃផលិតកម្ម ឧទាហរណ៍យើងផលិតខោអាវនាំចេញ កន្លងទៅយើងយកក្រណាត់ជ្រលក់ពីក្រៅ យើងយកអីទាំងអស់មកពីក្រៅ ឥឡូវយើងលលើកទឹកចិត្ត ឱ្យមានការវិនិយោគផលិតក្រណាត់ ឬមួយក៏មានធ្វើអ្វីនៅក្នុងយើង ដែលថ្ងៃមុន មានក្រុមហ៊ុនមួយចំនួនកំពុងធ្វើ ។ ផលិតស្បែកជើងពីមុន សូម្បីតែជ័រកាវ ក៏យើងនាំយកពីក្រៅ ឥឡូវយើងលើកទឹកចិត្ត ឱ្យក្រុមហ៊ុនផលិតជ័រកាវ ផលិតអ្វីផ្សេងៗធាតុបង្គុំនៅខាងក្នុង ហើយនេះគឺជាគោលដៅមួយ ដែលរាជរដ្ឋាភិបាល ត្រៀមដើម្បីរៀបចំគោលនយោបាយ លើកទឹកចិត្តពិសេស ចឹងវិស័យឯកជនយើង បើសិនជាដៃគូ ដែលមានការចាប់អារម្មណ៍ នៅក្នុងការផលិតធាតុបង្គុំនៅក្នុងស្រុកយើង សូមទាក់ទាញមក ដើម្បីធ្វើយ៉ាងណាទៅថ្ងៃក្រោយ ជៀសជាងនាំផលិតផលពីក្រៅ១០០% យកមកផ្គុំហើយនាំចេញ យើងអាចកាត់បន្ថយការនាំចូលពីក្រៅ ផលិតក្នុងស្រុក ២០-៣០-៤០% នេះហើយគឺជាការបង្កើន និងការរៀបចំនូវខ្សែចង្វាក់ផលិតកម្មរបស់យើង ការគិតគូរដើម្បីត្រៀមខ្លួន ដើម្បីកែសម្រួលនូវខ្សែចង្វាក់ផលិតកម្មរបស់យើង ធានានូវការប្រែប្រួលនូវស្ថានភាព ពាណិជ្ជកម្មលើពិភពលោក ទៅថ្ងៃក្រោយ ដើម្បីយើងទប់ដើម្បីកុំឱ្យមានភាពបែបនេះ”៕