លោកជំទាវ ចម និម្មល គូសបញ្ជាក់ថា ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាមួយឡើយ តែជាកិច្ចការ និងជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា

0

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាមួយឡើយ តែជាកិច្ចការនិងជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ព្រោះការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារដល់ខ្លួនយើងទាំងអស់គ្នា ហើយក្នុងនាមជាអ្នកប្រើប្រាស់ យើងមានសិទ្ធិទទួលបាននូវផលិតផលទំនិញ និងសេវាមានគុណភាព និងសុវត្ថិភាព ជាពិសេសយើងមានសិទ្ធិទទួលបាននូវព័ត៌មានដែលត្រឹមត្រូវ និងគ្រប់គ្រាន់ព្រមទាំងមានសិទ្ធិទទួលបាននូវដំណោះស្រាយ នៅពេលដែលសិទ្ធិនិងផលប្រយោជន៍របស់យើង ត្រូវបានបំពាន។

នៅក្នុងពិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក២០២៥ និងសន្និសីទស្ដីពីសិទ្ធិអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការផ្លាស់ប្ដូរឆ្ពោះទៅរកការរស់នៅប្រកបដោយចីរភាព» នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា នៅប្រទេសកម្ពុជា ចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានអនុម័តដាក់ឱ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយន្តការជាក់លាក់ ដើម្បីការពារអ្នកប្រើប្រាស់ ក្នុងនោះរួមមាន៖ (១). ការកសាងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនការការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់ (២). ការជំរុញការប្រកួតប្រជែងដោយសុចរិត និងការធ្វើសកម្មភាពធុរកិច្ចជាមួយគ្នាដោយមានទំនុកចិត្ត (៣). កិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍគោលនយោបាយការពារអ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវរដ្ឋមន្រ្តី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកនាថ្ងៃនេះ ភាគីពាក់ព័ន្ធទាំងអស់ នឹងទទួលបាននូវចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងបន្តចូលរួមក្នុងការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ៕