កម្ពុជាមានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញ​វិនិយោគិន​បរទេស

0

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានលើក​ឡើងក្នុង​សប្ដាហ៍នេះថា ប្រទេស​កម្ពុជា​ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិន​បរទេស។

ក្នុងកម្មវិធីមួយនាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញក្នុង​សប្ដាហ៍​នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូស​រំលេចជូនភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួម​ដោយ​បន្តថា មានកត្តា​ចំនួន ៧ ដែល​អំណោយ​ផល និងទាក់ទាញចំណាប់អារម្មណ៍អ្នក​វិនិយោគឱ្យមក​វិនិយោគ​នៅកម្ពុជា ។

កត្តាទាំង៧ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីលើកឡើង ក្នុងនោះមាន ៖ ១. សន្តិភាព ស្ថេរភាពនយោបាយ, ២. ច្បាប់នៃ​ការ​វិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល ,៣. រាជរដ្ឋាភិបាល​ជំរុញការវិនិយោគ ,៤. ការផ្សារភ្ជាប់​នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាព​ប្រសើរ​ឡើង ,៥. ប្រព័ន្ធហិរញ្ញ​វត្ថុ​មានស្ថិរភាពទាំងប្រាក់រៀល និងដំណើរការ​របស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល, ៦. ការបង់ពន្ធមានភាពអនុ​គ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត និងទី៧ជា​ចំណុច​ចុងក្រោយគឺ អ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការ​ជួលរយៈពេលវែង។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ចំណុចទាំង​អស់នេះហើយដែលធ្វើឱ្យកម្ពុជា ជាកន្លែងដ៏ល្អសម្រាប់​អ្នក​វិនិយោគ​អាមេរិក។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបរទេសទាំង​ជិត​១០​០​​​ក្រុមហ៊ុនបានមក​បំពេញទស្សនកិច្ច​និ​ងសិក្សា​ស្វែង​យល់ពី​​សក្ដា​នុពល​វិនិយោគ នៅកម្ពុជា​រួមមាន​ក្រុម​ហ៊ុនចិន ជប៉ុន​ថៃ និ​ងវៀតណាម​ជាដើម ​ហើយក៏បានចូលជួបជាមួយ​ឯកឧត្តម​ ស៊ុន ចាន់ថុល​ ឧប​នាយករ​ដ្ឋ​មន្ត្រី និងជាអនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដើម្បីពិភាក្សា​ការងារ​បន្ថែម ​។

តាមការបញ្ជាក់របស់ឯកឧត្តម​ស៊ុន ចាន់​ថុល បាន​ឱ្យដឹងថា ​​ក្នុង​កំ​ណ​ត់​ត្រាគ​ម្រោ​ង​វិ​និយោគដែលបានអនុម័ត នៃប្រវត្តិ​ប្រតិបត្តិការការងារ​របស់ ក.អ.ក. កន្លងមក រួមមាន៖ គម្រោ​ង​វិនិ​យោ​គដែលបានអនុម័ត​ក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤​គម្រោង(តួលេខខ្ពស់បំផុត​ក្នុងកំណត់ត្រា៣០ឆ្នាំ) និ​ង​គ​ម្រោ​ងវិនិយោគដែលបានអនុម័ត​ក្នុងរយៈពេល ២ខែ ដើមឆ្នាំ​២០២៥ សរុបចំនួនជាង ១១០គម្រោ​ង​។ តួលេខទាំងនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់​ស្តីពីការ​វិនិយោគ ក៏ដូច​ជា​​គោ​​ល​ន​​យោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែ​លបាន​ប​ង្ហា​ញពីកា​រ​យ​ក​ចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចា​ត់​ទុ​ក​វិស័​យ​នេះ​ជា​ម៉ាស៊ីន​ដ៏​សំ​ខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕