សម្តេចបវ​រធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព បើកឱកាសឱ្យបង្កើតសមទ្ធិផលថ្មីៗ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជា មានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ ហើយកត្តាសុខសន្តិភាពនេះ បានបើកឱកាសឱ្យបង្កើតនូវសមទ្ធផលថ្មីៗប​ន្តទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។

ក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេច ទាំង៦ព្រះអង្គ នៅក្នុងវត្តបទុមវតី​ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានគូសរំលឹកថា ព្រះពុទ្ធសាសនា ជាមរតកដូចតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភពនៃសេចក្តីស្រឡាញ់ បញ្ញាញាណ សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី ផ្នត់គំនិតឥរិយាបថ សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់ស្មោះត្រង់ សុភាពរាបសា ទនភ្លន់ និងម៉ឺងម៉ាត់ ។

បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ខណៈដែលសេរីភាពខាងជំនឿ និងការប្រតិបត្តិសាសនាដទៃទៀត ក៏ត្រូវបានធានានៅក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ជំនឿ ឬសាសនាដទៃទៀត ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ជាក់ស្តែងកម្ពុជា​ មានសុខដុមរមនាសាសនា និងរក្សា​បាននូវតម្លៃសាមគ្គីភាព រវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានប្រកាន់យកនិន្នាការជ្រុល​និយមនោះទេ ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជា មានកលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ កត្តាសុខសន្តិភាពនេះ ក៏បានផ្តល់លទ្ធភាពដល់ពុទ្ធបរិស័ទយើងធ្វើបុណ្យ សុន្ទរ៍ទាន តាមសេចក្តីប្រាថ្នា និងបើកឱកាសឱ្យយើងបង្កើតនូវសមទ្ធផលថ្មីៗប​ន្តទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ” ។

ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្ដីសង្ឃឹមថា សម្តេចជាអម្ចាស់គ្រប់ព្រះអង្គ គង់ជាម្លប់ដ៏ត្រជាក់នៃការគោរព ប្រតិបត្តិ​ នៃព្រះពុទ្ធសាសនា នៅកម្ពុជា ឱ្យបានបន្តរីកចម្រើន និងរុងរឿងជានិច្ច និរន្តរ៍៕