កម្ពុជាបានសម្រេចការនាំចេញអង្ករប្រមាណជាង១៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន១០៦លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់គោលដៅចំនួន ៥១លើពិភពលោក តាមរយៈក្រុមហ៊ុននាំចេញចំនួន៤៤ ក្នុងរយៈពេល២ខែនៃឆ្នាំ២០២៥។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ប្រភពដដែលបានបញ្ជាក់ថា អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់មានចំនួន ១០.៤៧លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៥ បានចំនួន៧៣ ០៤៨តោន គិតជាទឹកប្រាក់មានចំនួន ៥៨.៥៣លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៤ បរិមាណចំនួន២៣ ២៩៧តោន គិតជាទឹកប្រាក់មានចំនួន ១៦.៦៦លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងៗ នៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន២០គោលដៅ បានបរិមាណចំនួន ២២ ២២៩តោន គិតជាទឹកប្រាក់មានចំនួន១៩.៨៧លានដុល្លារសហរដ្ឋអាមេរិក។ បន្ថែមពីនេះ ការនាំចេញទៅកាន់ប្រទេសជិតខាងចំនួន ១ ៣៨២ ១១៥តោន គិតជាទឹកប្រាក់សរុបនៃការនាំចេញស្រូវមានចំនួន ៣១៣.២២លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា ប្រភេទអង្ករដែលបាននាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន៨៦.០៣ភាគរយ អង្ករសគ្រាប់វែងចំនួន ៨.៦៥ភាគរយ អង្ករចំហ៊ុយចំនួន ២.៩៩ភាគរយ អង្ករសរីរាង្គចំនួន ១.៨៧ភាគរយ៕