អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ នឹងពង្រីកវិសាលភាពរហូតដល់៦ទីតាំងសំខាន់ៗ ថែមទាំងរំលេចផ្ទាំងទស្សនីយភាព កាន់តែអស្ចារ្យក្នុងន័យលើកស្ទួយមរតកដូនតាខ្មែរ

0

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បានពង្រីកវិសាលភាពទីតាំងប្រារព្ធពិធី និងបន្ថែមសកម្មភាពគួរឱ្យទាក់ទាញជាច្រើន ដើម្បីបង្កើនការផ្សារភ្ជាប់ជាមួយមហាជន ដែលអាចចូលរួមសកម្មភាពផ្ទាល់ បង្កើនការផ្សារភ្ជាប់ផ្ទាល់អនុស្សាវរីយ៍ និងការចងចាំ ជាពិសេសសិក្សាបង្កើនសកម្មភាព ឱ្យមានភាពរស់រវើក និងបង្កើនបរិយាកាសតាមបណ្តាទីតាំងកម្មវិធីនីមួយៗ។

ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានមានប្រសាសន៍ថា អង្គរសង្រ្កាន្តមិនត្រឹមជាព្រឹត្តិការណ៍វប្បធម៌ ហើយក៏មិនត្រឹមតែជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីរួបរួម និងជានិមិត្តរូបនៃភាពរុងរឿង នៅលើទឹកដីសុវណ្ណភូមិ ដែលមានពង្សាវតារយូរលង់ណាស់មកហើយ។

ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ តាមរយៈការចង្អុលបង្ហាញពីឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា អង្គរសង្ក្រាន្តនឹងរៀបចំនៅលើទីតាំងសំខាន់ៗរួមមាន៖ បរិវេណមុខប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប King’s Road, Pub street និងអង្គរឃ្យុងយូផងដែរ។

ឯកឧត្តមបន្តថា ក្រុមការងារព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានរៀបចំកម្មវិធីសំខាន់ៗមានចំនួនរហូតដល់៣៨ និងក្រុមការងារចំនួន៣៤ក្រុម រួមជាមួយក្រុមយុវជនស្ម័គ្រចិត្តជាង៥ពាន់នាក់ ធ្វើយ៉ាងណារៀបចំកម្មវិធីនីមួយៗឱ្យមានភាពរស់រវើក និងបង្កើនបរិយាកាសបន្ថែម ជាពិសេសការតុបតែងរចនាបថ ក៏ខុសប្លែកផងដែរ ដើម្បីបង្កើនការផ្សារភ្ជាប់ជាមួយមហាជន ដែលអាចចូលរួមសកម្មភាពផ្ទាល់ បង្កើនការផ្សារភ្ជាប់ផ្ទាល់អនុស្សាវរីយ៍ និងការចងចាំ (Engagement rather than exhibitions)និងសិក្សាបង្កើនសកម្មភាព ឱ្យមានភាពរស់រវើក និងបង្កើនបរិយាកាសតាមបណ្តាទីតាំងកម្មវិធីនីមួយៗ ជាពិសេសទីតាំងភូមិខ្ញុំនៅខាងមុខប្រាសាទអង្គរវត្ត។ ទីតាំងភូមិខ្ញុំ យើងបានយកភូមិខ្ញុំពីទីតាំងប្រាសាទបាយ័ន មកខាងមុខប្រាសាទអង្គរវត្ត យើងបានពង្រីកទំហំ និងកម្មវិធីផងដែរ។ ទី១ក្នុងភូមិនេះយើងមានរហូតដល់៧តំបន់ យើងមានផ្ទះភ្លេងខ្មែរ ផ្ទះនំខ្មែរ ផ្ទះសិប្បកម្ម ផ្ទះសេដ្ឋី ឆាកធំ មានសាលាឆទាន និងផ្សារ។ មានកម្មវិធីអុកយក្ស និងល្បែងប្រជាប្រិយក្នុងនេះផងដែរ។ ក្នុងនោះក៏មានក្អមយក្សមួយ ក្អមកម្ពស់៦ម៉ែត្រ ហើយក៏មានសិល្បៈ១៣ទម្រង់ ហើយក្រុមការងារភូមិខ្ញុំក៏បានស្រាវជ្រាវ យកអ្វីជាប្រពៃណីអ្នកស្រុកអង្គរមកបង្ហាញដូចជា៖នំម្ទេស នំខ្ញី នំវេញ ក៏ដូចជានំញីឈ្មោល។

សូមជម្រាបថា អង្គរសង្រ្កាន្តនិងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដោយមានកម្មវិធីប្លែកៗ ល្បែងប្រជាប្រិយ រួមជាមួយកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ដែលក្រុមការងារព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានខិតខំស្រាវជ្រាវនូវមរតក វប្បធម៌មកបង្ហាញជូនសាធារណជនបានស្គាល់និងឈ្វេងយល់មានដូចជា ការសម្តែងទស្សនីយភាព ចង្វាក់បេះដូងអង្គរ កម្មវិធីភូមិខ្ញុំ,កម្មវិធីការប្រកួតអុក,កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ,កម្មវិធីរបាំបុរាណ,ប្រពៃណី និងប្រជាប្រិយ,កម្មវិធីសួនញញឹមអង្គរ,កម្មវិធីតោះៗលេងទឹក,កម្មវិធីសួនមុនីហឬទ័យ,កម្មវិធីផ្សារស្ទឹងសៀមរាប,កម្មវិធីប្រ ណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម៕