ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន គាំទ្រកម្ពុជាលើគម្រោងពង្រឹងសមត្ថភាព គ្រប់គ្រងការបំពុលទឹកនៅតាមដងស្ទឹងព្រែកត្នោត

0

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានគាំទ្រដល់កម្ពុជាលើគម្រោងស្ដីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកនៅតាមដងស្ទឹងព្រែកត្នោត ដែលលាតសន្ធឹងតាំងពីភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

លោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់របស់អង្គការប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងនេះ ផ្តោតទៅលើការបង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងទឹកលើផ្ទៃដី និងទឹកកខ្វក់ ដោយផ្អែកលើអនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក ដោយការអនុវត្តមានរយៈពេល៤ឆ្នាំ។ លោកស្រី ថ្លែងថា «ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ យើងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ទីរពិសោធន៍ការត្រួតពិនិត្យគុណភាពទឹកលើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់។»

ថ្លែងក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួមសម្រាប់អនុវត្តគម្រោងស្ដីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងនេះ ស្របនឹងក្រសួងបរិស្ថានក្នុងការយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ពោលគឺ ធានាថា សំណល់ និងសារធាតុគីមីពុល ដែលបង្កើត និងបញ្ចេញដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ ត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តិកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទឹក ឬ ដី។

សូមបញ្ជាក់ថា គម្រោងស្ដីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក ជំហានទី២ ត្រូវបានអនុម័តសម្រាប់រយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដែលជ្រើសរើសស្ទឹងព្រែកត្នោត ជាតំបន់អនុវត្តគម្រោងបឋម ក្នុងគោលបំណង៖ ១. លើកកម្ពស់ភាពត្រឹមត្រូវ និងជឿជាក់នៃការវិភាគគុណភាពទឹក ដែលអនុវត្តដោយមន្ទីរពិសោធន៍ ដោយការពង្រឹងលើការកែលម្អបច្ចេកទេសដែលបានផ្តួចផ្តើមក្នុងគម្រោងជំហានទី១, ២. បង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក និងប្រព័ន្ធអធិការកិច្ចសំណល់រាវនៅក្នុងតំបន់គោលដៅ ដោយការពង្រីក និងជំរុញកិច្ចខិតខំប្រឹងប្រែងដែលបានសាកល្បងក្នុងគម្រោងជំហានទី១, ៣. ពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការគ្រប់គ្រងគុណភាពទឹក ដោយការប្រើប្រាស់សមត្ថភាព និងចំណេះដឹងដែលបានអភិវឌ្ឍន៍អំឡុងពេលគម្រោងជំហានទី១, និង៤. ចែករំលែកការអនុវត្តល្អៗទាក់ទងនឹងការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹកជាមួយភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជន ដើម្បីធានាបាននូវការអនុវត្តមានប្រសិទ្ធភាព៕