ផលិតផលគ្រប់ស្វាយចន្ទីរបស់កសិករនៅខេត្តស្ទឹងត្រែង មានទីផ្សារល្អនៅឆ្នាំ២០២៥នេះ ក្រោយក្រសួងកសិកម្ម បានរៀបចំ និងដាក់ចេញ ជាសហគមន៍ ឱ្យមានអំណាចចរចារតម្លៃជាមួយឈ្មួញមកប្រមូលទិញជាលក្ខណៈប្រកួតប្រជែងគ្នា ហើយកសិករទទួលបានប្រាក់ចំណូលច្រើនជាងឆ្នាំ២០២៤។
លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ទីផ្សារគ្រាប់ស្វាយចន្ទី គឺមានភាព ល្អប្រសើរឡើងមួយ សម្រាប់កសិករបន្ទាប់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានយន្តការចងក្រងកសិករឱ្យក្លាយទៅជាសហគមន៍កសិកម្ម ។
លោកបន្តថា ការរៀបចំឱ្យមានបែបនេះ ដើម្បីឱ្យកសិករ អ្នកផលិត មានអំណាចលក់ផលិតផល និងចរចាតម្លៃ ជាមួយក្រុមហ៊ុន និងឈ្មួញដែលប្រមូលទិញ ប្រសិនបើយើងលក់ជាលក្ខណៈទីផ្សារសេរី យើងអត់អាចកំណត់តម្លៃនៅក្នុងទីផ្សារបានទេ។
ប្រធានមន្ទីខាងលើ បានគូសរំលេចថា មានតែជំរុញ ធ្វើម៉េចឱ្យចងក្រងជាសហគមន៍ ប្រមូលផ្ដុំគ្នាដើម្បីលក់លក្ខណៈជាក្រុម ជាសហគមន៍ វានឹងប្រសើរឡើង។ ផលិតផលណា ដែលត្រូវខ្នាត មានតម្លៃមួយផ្សេង។ ខណៈដែរផលិតផលណា ដែលមិនត្រូវខ្នាត មានតម្លៃថោកជាងរបស់ត្រូវខ្នាតរបស់គេ។ នេះជាតម្រូវការ ដែលខាងឈ្មួញ ឬក៏ក្រុមហ៊ុន ដែលគេ មានតម្រូវការនេះជាទីផ្សារសេរី ដែលយើងមិនអាចកំណត់ឲ្យបាន។
លោក សៅ សុគុណ កសិករ រស់នៅភូមិឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កសិករមួយចំនួនពុំទាន់មានលទ្ធភាពដាំដំណាំឧស្សាហកម្ម ឱ្យទទួលបានផល ទៅតាមការចង់បាននោះឡើយ ដូចជាស្វាយចន្ទី-ស្វាយកែវល្មៀត និងដំឡូងមីជាដើមដែលកំពុងដើរតួនាទីសំខាន់។
លោកថា ឆ្នាំនេះគ្រាប់ស្វាយចន្ទីស្រួលលក់ និងមានទីផ្សារល្អ ព្រោះនៅក្នុងខែកុម្ភៈមួយគីឡូក្រាមគ្រាប់សើម មានតម្លៃជាង៦.០០០រៀល និងបច្ចុប្បន្នមានតម្លៃ៥.៣៥០រៀលចំពោះគ្រាប់ធំ ។ ចំណែកគ្រាប់តូច មានតម្លៃទាបជាងនេះ ។
ចំណែកឯ លោក កែវ ណារិទ្ធ ប្រធានសភាពពាណិជ្ជកម្មប្រចាំមណ្ឌលក្រចេះ ស្ទឹងត្រែង រតនគីរី បានបញ្ជាក់ថា ដំណោះស្រាយបញ្ហានេះ ចូរកសិករយើងសម្រេចចិត្តឱ្យបានច្បាស់លាស់ ហើយចំពោះភោគផល ដែលប្រមូលបានក៍ត្រូវរៀបចំថែរក្សាហាលស្តុកទុកដាក់ ឱ្យបានត្រឹមត្រូវ រង់ចាំតម្លៃទីផ្សារបានថ្លៃនៅពេលណាមួយសមស្រប ទើបយើងបញ្ចេញលក់ក៍ជាការល្អ។
សូមបញ្ជាក់ថា តបតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងបានខិតខំប្រឹងប្រែងទំនាក់ទំនង និងបើកកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក សំដៅលើកស្ទួយវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ឱ្យរីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ កសិករដាំដំណាំស្វាយចន្ទី ត្រូវបង្កើនការផលិតឱ្យបានច្រើនទិន្នផលមានគុណភាពខ្ពស់លក់មានតម្លៃទីផ្សារពិតប្រាកដ មិនតាមតែមាត់ឈ្មួញថាតែប៉ុណ្ណោះ ព្រោះអ្នកខាតបង់គឺកសិករ អ្នកផលិតនេះឯង៕