បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកដល់លោកគ្រូ-អ្នកគ្រូ ឱ្យចូលរួមអប់រំណែនាំសិស្សានុសិស្សចៀសឆ្ងាយអំពីគ្រឿងញៀន ហើយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤ លើវិស័យអប់រំ និងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ យុវជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលពិធីនេះធ្វើឡើងនៅបរិវេណសួនវិមានឯករាជ្យខេត្តបាត់ដំបង។
សូមជម្រាបថា សម្រាប់ខេត្តបាត់ដំបងមានអង្គភាពចំនួន៤ បានទទួលបានពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤លើវិស័យអប់រំ និងវិស័យសុខាភិបាលរួមមាន៖ វិទ្យាល័យពេជ្រចិន្តាទទួលបានចំណាត់ថ្នាក់លេខ១ ,សាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ២ ,សាលាមត្តេយ្យសិក្សាធនធានព្រែកនរិន្ទទទួលបានចំណាត់ថ្នាក់លេខ៦ និងមន្ទីរពេទ្យបង្អែកសំពៅលូនទទួលបានចំណាត់ថ្នាក់លេខ១០។
នាឱកាសនោះ លោក ប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា តំណាងអង្គភាពទទួលបានជ័យលាភីទាំង៤ ថ្លែងការលើកទឹកចិត្តដល់អង្គភាពបម្រើសេវាសាធារណៈទាំងអស់ក្នុងខេត្តបាត់ដំបងចូលរួមប្រកួតប្រជែងជាបន្តបន្ទាប់ទៀតឱ្យបានគ្រប់ៗគ្នា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីឧត្តមានុវត្ត និងនវានុវត្តន៍នៅក្នុងការគ្រប់គ្រងផ្ដល់សេវាជូនប្រជាពលរដ្ឋ ពិសេសការកែប្រែផ្លាស់ប្ដូរចំណុចខ្វះខាតរបស់អង្គភាពឱ្យបានល្អប្រសើរ។
លោក ប៉ិច ឈឿត បង្ហាញការប្ដេជ្ញាចិត្តបន្តចូលរួមប្រកួតប្រជែង និងរិះរកគំនិតថ្មីៗក្នុងការអភិវឌ្ឍន៍អង្គភាពបន្ថែមទៀត។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤លើវិស័យអប់រំ និងសុខាភិបាល គឺធ្វើឡើងដើម្បីអបអរសាទរ និងពញ្ញាក់ស្មារតីទៅដល់សាលារៀន ក៏ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដទៃទៀតដែលមិនទាន់បានជាប់ចំណាត់ថ្នាក់ឱ្យខិតខំក្នុងការប្រឡងប្រជែង និងពង្រឹងការបម្រើសេវាសារធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូឱ្យចូលរួមអប់រំណែនាំសិស្សានុសិស្សចៀសឆ្ងាយអំពីគ្រឿងញៀន ហើយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវមានការពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ៕