អនាគតរាជធានីភ្នំពេញ អាចនឹងមានបណ្ដាញ​ផ្លូវ​រថភ្លើងក្រោមដី ​ទៅកាន់តំបន់គោលដៅមួយចំនួន

0

កាលពីចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ និង​ក្រុមការងារ​រៀបចំនិងអនុវត្ត​គម្រោង​សិក្សា​បឋម​បណ្ដាញរថភ្លើង​ក្រោមដីឬម៉េត្រូ(Metro )នៅរាជធានី​ភ្នំពេញបានជួបពិភាក្សា​ជាមួយ​ក្រុមជំនួយ​ការ​បច្ចេកទេស​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ហៅកាត់ថា អេ អាយ អាយ ប៊ី (AIIB )។

កិច្ចជំនួបប្រជុំដែលដឹកនាំដោយ លោកជំទាវ​ សេរី សុរិយា​ អនុរដ្ឋ​លេខាធិការក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ ​នេះ​បានពិភាក្សា​លើទិន្នន័យ​ព័ត៌មាន​ពាក់ព័ន្ធទៅនឹង​កិច្ចការ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​និងសំណង់ ដើម្បីតម្រង់ទិស​គម្រោង​រៀបចំឱ្យ​ចំគោលដៅ ។​

គប្បីជម្រាបជូនផងដែរថា កាល​ពី​សប្ដាហ៍មុននេះដែរ គម្រោង​សិក្សាបឋម​បណ្ដាញ​រថភ្លើង​ក្រោមដី ឬម៉េត្រូនៅ​ក្នុង​រាជ​ធានីភ្នំពេញ ក៏បាន​បើក​កិច្ច​ប្រជុំ​លើកទី​១ដោយមានកា​រចូលរួម​ពីក្រសួង​សាធារណការ​និងដឹកជញ្ជូន និង​​ក្រុមជំនួយបច្ចេកទេស​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB )ដូចគ្នានឹងកិច្ចប្រជុំរបស់​ក្រសួងរៀបចំដែនដីដែរ។

ក្រោយកិច្ចប្រជុំក្រសួង​សាធារណការ ​​បានប្រកាសឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើ​ឡើង​ដើ​ម្បី​ពិនិត្យមើលវឌ្ឍនភាព នៃដំណើរការ​សិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូ​​​លធាតុ​ចូលលើ​របាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការ ទីប្រឹក្សា និងភាគី​ពាក់ព័ន្ធ។ ក្រោយកិច្ច​ពិ​ភា​ក្សា​ក្រុ​ម​កា​រងា​រ​អ​នុវត្តគម្រោង​និងអ្នក​ជំនាញការនៃAIIB នឹងធ្វើការចុះ​ទ​ស្ស​ន​​កិច្ច​សិ​​ក្សា​បន្ថែមក្នុ​ង​កា​​រប្រ​មូ​ល​​ធា​តុ​ចូល​ទៅតាមទីតាំងដែ​ល​បានកំ​ណត់​ក្នុងប​ណ្តាញផ្លូវ​រ​បៀ​ងធំ​​ៗ​ក្នុ​ង​រា​ជ​ធា​នីភ្នំ​ពេ​​ញ​​ ​ព្រ​​ម​ទាំ​ងចុះពិនិត្យស្ថានីយចំណតឡានក្រុង​ ​ស្ថានីយរថភ្លើងរាជធានីភ្នំពេញ​ អាកា​សយានដ្ឋា​ន​អ​ន្ត​រជា​តិ​ភ្នំ​ពេ​ញ​ អាកាសយានដ្ឋានអន្តរជាតិតេជោ​ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី ​និ​ង​ទី​តាំងផ្សេងៗទៀត ដើម្បីកំ​ណត់​ខ្សែ​ផ្លូវ សម្រាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តា​ញ​ដឹក​ជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេល​អនាគត ។

ក្រសួងសាធារណការ ឱ្យដឹងទៀតថា គម្រោងសិក្សាបឋមបណ្តាញ​រថ​ភ្លើងក្រោមដីនៅរាជធានីភ្នំពេញ បានចុះ​អ​នុ​ស្សរ​ណៈ​នៃ​កា​រ​យោ​គ​យល់គ្នារវាងក្រសួងសា​ធារ​ណការ និងដឹកជញ្ជូន និង​ធ​នា​គា​រ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី​២​៦​ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធា​​រ​ណ​រ​ដ្ឋប្រ​ជាមានិតចិន។

ក្រសួង​សាធារណការបញ្ជាក់ថា ការសិក្សានេះគ្រាន់តែជាការសិក្សា​លើ​ការ​ដឹ​ក​ជញ្ជូ​ន​សា​ធា​រ​ណៈ​ក្នុ​ង​ក្រុ​ង​ភ្នំ​ពេ​ញ​​មួ​យ​បែ​ប​ទៀត ដើម្បី​បំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ ដែលក្រសួង និងសាលាក្រុងភ្នំពេញ បាន​​សិ​ក្សា​រួចមកហើយ រួមមាន light rail train, Automated Guide Transit, Bus Rapid Transit, Tramways ដើ​ម្បី​​​ឱ្យ​ក្រ​សួ​ងមានមូលដ្ឋានក្នុងការជ្រើស​រើសប្រព័ន្ធ ឬអន្តរដឹកជញ្ជូនណាមួយ ដែលមានប្រសិ​ទ្ធភា​ព​ខ្ពស់​ក្នុ​ង​​ការ​ដោះ​ស្រាយ​បញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ រក្សាបានបរិស្ថាន និង​សោភ័ណភាពទីក្រុង និង​​មាន​​​ត​ម្លៃ​សមរម្យជូនប្រជាជនទូទៅ មិន​មែន​មានន័យថាសិក្សាហើយ ដាច់ខាតត្រូវតែសាងសង់នោះទេ ៕