សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផលប្រយោជន៍ស្នូលរបស់ជាតិ។
ថ្លែនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ថ្មីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន៦ នៃគោលនយោបាយការបរទេសរបស់កម្ពុជា ដូចខាងក្រោម៖
១.ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនងស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ ដោយពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ភាពជាដៃគូឈ្នះ-ឈ្នះលើគ្រប់វិស័យ នៅក្រោមសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
២. ការលើកកម្ពស់ពហុភាគីនិយម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកល ការគាំទ្រដល់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពង្រឹង ការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។
៣. ការពង្រឹងមជ្ឈភាពរបស់អាស៊ាន តាមរយៈការពង្រឹងឯកភាព និងតួនាទីស្នូលរបស់ អាស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ការ រួមចំណែកដល់ផលប្រយោជន៍ និងវិបុលភាពរួមរបស់អាស៊ាន និងការឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះ។
៤. ការលើកកម្ពស់ការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រីកវត្តមានរបស់ព្រះរាជាណាចក្រ កម្ពុជានៅលើទីផ្សារពិភពលោក បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់ទេសចរណ៍ និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកិត្តិនាមរបស់ប្រទេស។
៥.ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិន ពិត ការពារ និងលើកកម្ពស់កិត្តិនាម និងផលប្រយោជន៍ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។
និង៦. ពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងការបង្កើន ប្រសិទ្ធផលប្រតិបត្តិការ និងវិជ្ជាជីវៈនៃសេវាកម្មបរទេសរបស់កម្ពុជា៕