រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការគាំពារ និងអប់រំកុមារតូច គឺជាមូលដ្ឋាននៃការអភិវឌ្ឍសុខុមាលភាព និងសុខភាពរយៈពេលវែងរបស់កុមារ

0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការគាំពារ និងអប់រំកុមារតូច គឺជាមូលដ្ឋាននៃការអភិវឌ្ឍសុខុមាលភាព និងសុខភាពរយៈពេលវែងរបស់កុមារ។ ការគាំពារ និងអប់រំកុមារតូចគឺជាសសរគ្រឹះសម្រាប់ការសិក្សាពេញមួយជីវិត តាមរយៈការកសាងនូវសមត្ថភាព និងបំណិនដែលផ្តល់លទ្ធភាពឱ្យមនុស្សអាចសិក្សារៀនសូត្រពេញមួយជីវិត និងរកចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាំបាច់ត្រូវតែវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សដែលមានសារៈសំខាន់ក្នុងការជួយឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៥០ និងការដោះស្រាយនូវភាពក្រីក្រនិងបញ្ហាលំបាកផ្សេងៗ។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងឱកាសនៃការធ្វើបាឋកថាពិសេសស្តីពី “តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា” កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការអប់រំកុមារតូចត្រូវរួមបញ្ចូលទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ដែលទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេងជាដើម ហើយថា នៅកម្ពុជា ការវិនិយោគលើគ្រូបង្រៀនដែលមានការបណ្តុះបណ្តាល សម្ភារសិក្សា និងកន្លែងសិក្សាល្អ គឺចាំបាច់ដើម្បីឱ្យការសិក្សាតាមរយៈការលេងមានប្រសិទ្ធភាព ត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សាកម្រិតបន្តបន្ទាប់ទៀត។ ការអប់រំកុមារតូចត្រូវការក្របខ័ណ្ឌទស្សនាទានច្បាស់លាស់ និងវប្បធម៌សាលារៀនដែលគាំទ្រ។ វប្បធម៌សាលារៀនវិជ្ជមាន បង្កើតបរិយាកាសដល់កុមារមានអារម្មណ៍ឱ្យចង់ទៅសាលារៀន ចង់ចេះចង់ដឹងពេញមួយជីវិត។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ដល់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមសិក្សារៀនសូត្រនៅមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលកន្លងមក ជាពិសេសបានប្រើប្រាស់ទ្រឹស្តីដែលបានរៀនសូត្រទៅអនុវត្តនៅតាមសាលារៀនរបស់ខ្លួនផ្ទាល់រហូតទទួលបានលទ្ធផលល្អជាទីមោទនៈ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សាលារៀន ដែលមិនទាន់ជាប់ឈ្មោះជាសាលារៀនគំរូឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះនាពេលខាងមុខ ក្នុងគោលដៅបន្តនាំមកនូវធនធានមនុស្សប្រកបដោយគុណភាព ចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាឆ្ពោះទៅវិបុលភាព និងភាពចម្រើនរុងរឿង៕