ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូន គណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូកីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនាថ្ងៃទី៨ខែមីនានេះ ។
ការស្នើឡើងរបស់ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំ ត្រួតពិនិត្យ លើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ ភាគីពាក់ព័ន្ធជាច្រើនរូបទៀត នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ចំពោះគម្រោងនៃការរៀបចំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុង និងខាងក្រៅ ពហុកីឡដ្ឋានជាតិអូឡាំពិក មានលក្ខណៈល្អប្រសើរហើយ។ តែស្នើបន្ថែមការយកចិត្តទុកដាក់ មើលស្ថានភាពនយោបាយ ដែលអាចបង្កឡើងពីក្រុមជ្រុលនិយមរបស់ថៃ និងក្រុមជ្រុលនិយមរបស់កម្ពុជា និងត្រូវផ្សព្វផ្សាយដល់អ្នកគាំទ្រកីឡាករបាល់ទាត់ ឱ្យយល់ពីខ្លឹមសារនៃការប្រកួតនេះ ចៀសវាងកុំឱ្យមានបញ្ហា។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា ការប្រកួតនេះគឺ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយក៏ជាការប្រកួត ដើម្បីពង្រឹតមិត្តភាពទំនាក់ទំនង នៃប្រទេសទាំង២ ឱ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំមន្ត្រីក្រោមឱវាទ ព្រមទាំងកងកម្លាំងទាំងអស់ យកអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡា បាល់ទាត់ មិត្តភាពកម្ពុជា-ថៃ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។
ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដម រដ្ឋមន្រ្តីក្រសួងការបរទេស ថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី។
ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមានកីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជា មកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរឹតចំណង សាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់ គុនខ្មែរ មាន២ប្រកួត នោះគឺ- ក្រុមទី១ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។ ទី២-ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕