គំនិតផ្តួចផ្តើមដើម្បីពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និង​អនាម័យសម្រាប់កុមារនៅសហគមន៍ដែលរងគ្រោះនៅកម្ពុជា នឹងប្រកាសដាក់ដំណើរការជាផ្លូវការនៅថ្ងៃស្អែក

0

ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ បានចាប់ដៃគូដើម្បីពង្រឹងការអប់រំ សុខភាព អាហារូបត្ថម្ភ និង​អនាម័យ​សម្រាប់កុមារនៅសហគមន៍ដែលរងគ្រោះនៅកម្ពុជា។ គម្រោងនេះនឹងប្រកាសដាក់ដំណើរការជាផ្លូវការនៅ​រសៀល​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វាលឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម​សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល ឯកឧត្តម វ៉ាង វ៉ិនប៊ីន (HE. Mr. Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា​មានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត វីល ផាកស៍ (Will Parks)នាយកយូនីសេហ្វប្រចាំកម្ពុជា ។

យោងតាមកម្មវិធីដែលប្រាប់ឱ្យដឹងដោយយូនីសេហ្វ ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នឹងមានសុន្ទរកថាស្វាគមន៍ របស់លោកបណ្ឌិត Will Parks នាយកយូនីសេហ្វ ប្រចាំនៅកម្ពុជា , ចំណាប់អារម្មណ៍របស់ឯកឧត្តម វ៉ាង វ៉ិនប៊ីន (HE. Mr. Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន ប្រចាំព្រះរាជា​ណាចក្រកម្ពុជា និង មតិសំណេះ​សំណាល​របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និងប្រកាស​ដាក់ឱ្យដាក់ដំណើរការគម្រោង ។

សូមជម្រាបថា ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ​អភិវឌ្ឍន៍អន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន មានគោល​បំណងបំពេញចន្លោះខ្វះខាតនៃគុណភាព និងលទ្ធភាពក្នុង​ការទទួលសេវាកម្មសំខាន់ៗសម្រាប់កុមារ ស្ត្រី និងគ្រួសារកម្ពុជា។ សេវានេះរួមមានការថែទាំទារកទើបនឹងកើត ការគាំទ្រកុមារមាន​ពិការភាព ការជួយដល់កុមារ​ដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារដែលងាយរងគ្រោះ ក្នុងតំបន់ដាច់​ស្រយាល៕