តាមពិតហេតុការណ៍បុរសម្នាក់តោងជាប់រថយន្តមួយគ្រឿង គឺជាករណី….!

0

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយ​តប​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន​ទៅ​នឹង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Video Funny ដែល​បាន​បង្ហោះ​វី​ដេ​អូ ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ព្យាយាម​លោ​ត​ចេញពី​រថយន្ត​ម៉ាក Prius ពណ៌​ក្រហម អម​ដោយ​ខ្លឹមសារ​ថា​៖ (​ព័ត៌មាន​បឋម​) នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ យើង​មិន​ទាន់​ដឹង​ថា​នេះ​ជា​ករណី​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ២:៣០​នាទី ត្រូវ​នឹង​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖
-​ ករណី​៖ ចា​​ប់​ជំ​រិ​ត​​ទារ​ប្រាក់
-​ កើតហេតុ​៖ នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥:១០​នាទី
-​ ចំណុច​៖ ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។

**​ជន​រង​គ្រោះ ០១​នាក់
-​ឈ្មោះ LIU SEN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិត​ឆ្ល​ង​ដែន​លេខ​EN6418573 មាន​សុពលភាព​លិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាព​ទិដ្ឋាការ ០២.០៤.២០២៥​។

**​ជន​ស​ង្ស័​.​យ​ចំនួន ០៤​នាក់
– ​ជនជាតិ​ខ្មែរ (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស​។
**​ផល​ប៉ះពាល់
-​បាត់ វ៉ា​លី​ដាក់​ខោអាវ ០១​។
-​បាត់​ទូរ​សព្ទ ០១​គ្រឿង​។
**​វត្ថុ​តាង​ចាប់​យក
-​គ្មាន​។

គួរបញ្ជាក់ថានៅ​អំឡុង​ឆ្នាំ​២០១៦ ឈ្មោះ LIU SEN ភេទ​ប្រុស អា​.​យុ ៣៨​ឆ្នាំ ជនជាតិ​ចិន បាន​ចាក​ចេញពី​ប្រទេស​ចិន ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រកប​របរ​រកស៊ី​លក់​កញ្ចក់​រថយន្ត​នៅ​ទីនោះ ដែល​មាន​ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស ជា​ដៃគូ​រកស៊ី​ត្រូវជា​មិត្តភក្តិ​របស់​ខ្លួន​។ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២៤ ឈ្មោះ LIU SEN បាន​ស្គាល់ឈ្មោះ FENG ZHIYE ភេទ​ប្រុស ជនជាតិ​ចិន តាម​រយៈ​ឈ្មោះ WANG JIANWEI ភេទ​ប្រុស ជនជាតិ​ចិន ដែល​ជា​មិត្តភក្តិ​ជិត​ស្និត​បាន​ណែនាំ​។ ឈ្មោះ LIU SEN បាន​ទាក់ទង​ជាមួយ​ឈ្មោះ FENG ZHIYE បាន​រយៈពេល​០៣​ខែ ដោយ​ឈ្មោះ​នេះ​បាន​ព្យាយាម​ពន្យល់​និង​លួងលោម​ឈ្មោះ LIU SEN ឱ្យមក​រកស៊ី​នៅ​ប្រទេស​កម្ពុជា ដោយ​ឈ្មោះ FENG ZHIYE បាន​ប្រាប់​ថា ខ្លួន​នឹង​បើក​ក្រុមហ៊ុន​រកស៊ី​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែ​មិន​ទាន់​ប្រាប់​ថា​រកស៊ី​អ្វី​នោះ​ទេ និង​សន្យា​ថាឱ្យ​ឈ្មោះ LIU SEN ឈរឈ្មោះ​ជា​តំណាង​ក្រុមហ៊ុន និង​ទទួល​បាន​ភាគលាភ​ជា​ប្រចាំខែ​។ ដោយ​មូលហេតុ​ឈ្មោះ WANG JIANWEI ដែល​ជា​មិត្តភក្តិ​ជិត​ស្និត​បាន​ណែនាំ និង​បាន​ប្រាប់​ថា ឈ្មោះ FENG ZHIYE ជា​មនុស្ស​គួរ​ឱ្យ​ទុកចិត្ត​បាន ហើយ​ឈ្មោះ FENG ZHIYE បាន​និយាយ​លួងលោម​បន្ថែម​ទៀត​នោះ ទើប​ឈ្មោះ LIU SEN សម្រេចចិត្ត​មក​ប្រទេស​កម្ពុជា​។

នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២:៥០​នាទី ឈ្មោះ LIU SEN បាន​ចាក​ចេញពី​ប្រទេស​អូស្ត្រាលី ហើយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង ១១:០០​នាទី តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ នៅ​ពេល​មក​ដល់ ឈ្មោះ LIU SEN បាន​ទាក់ទង​ទៅ​ឈ្មោះ FENG ZHIYE ហើយ​ឈ្មោះ​នេះ​ក៏​បាន​រៀបចំ​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA PRIUS ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BJ-5042 ដោយ​មាន​អ្នកបើកបរ​ជា​ជនជាតិ​ខ្មែរ​ម្នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស បាន​មក​យកឈ្មោះ LIU SEN ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទៅ​ជួប​ជនជាតិ​ចិន​ម្នាក់​ទៀត (​មិន​ស្គាល់​អត្តសញ្ញាណ​) ដែល​ជា​ដៃគូ​រកស៊ី​របស់​ឈ្មោះ FENG ZHIYE ។ នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​មួយ នៅ​លើ​កំណាត់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ក្បែរ​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​២ ក៏​មាន​បុរស​ជនជាតិ​ខ្មែរ​ចំនួន​០៣​នាក់ ឈរ​ចាំ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ចំណុច​ខាងលើ ហើយ​បាន​លើកដៃ​ហៅ ពេល​នោះ​អ្នក​បើករថយន្ត​បាន​ឈប់​ចត​ឡាន​នៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ ស្រាប់តែ​បុរស​ជនជាតិ​ខ្មែរ​ទាំង​០៣​នាក់​នោះ បាន​រត់ឡើង​លើ​រថយន្ត​ដោយ​បុរស​ជនជាតិ​ខ្មែរ​ចំនួន​០២​នាក់ បាន​ចាប់ដៃ​ឈ្មោះ LIU SEN ទាំង​សងខាង និង​ម្នាក់​ទៀត​បាន​ធ្វើការ​សង្ក​.​ត់​ពីលើ​ដោយ​បាន​ចា​​ប់ក ព្រមទាំង​បាន​ប្រើ​អំពើ​ហិ​​ង្សា នឹង​ដកហូត​យក​ទូរ​សព្ទ​របស់​ឈ្មោះ LIU SEN ទៀត​ផង​។ នៅ​ពេល​នោះ ឈ្មោះ LIU SEN បាន​រើប​ម្រា​ស់តបត ជាមួយ​បុរស​ជនជាតិ​ខ្មែរ​ទាំង​០៣​នាក់​នោះ និង​បាន​ចុច​បើក​កញ្ចក់​រថយន្ត ដោយ​ព្យាយាម​គេ​.​ច​ខ្លួន​តាម​បង្អួច ហើយ​ក៏​បាន​ធ្លា​ក់​ពីលើ​រថយន្ត​តែ​ម្តង​។ នៅ​ពេល​ដែល​ឈ្មោះ LIU SEN គេ​ច​ខ្លួន​បាន​សម្រេច ខ្លួន​ក៏​បាន​រត់​ចូល​ហាង​បាយ​មួយ​កន្លែង​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​ជួយ ហើយ​បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មក​ដល់​និង​បាន​នាំ​ខ្លួន​មក​សាកសួរ​តែ​ម្តង​។

ចំណាត់ការ​បន្ត៖ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​ស​ង្ស័​.​យ និង​ម្ចាស់​រថយន្ត​ខាងលើ យក​មក​ចាត់ការ​តាម​នី​តិ​វិធី​៕