គ្រូបង្រៀនជាប់កិច្ចសន្យាកម្រិតបឋមសិក្សា នឹងមានឱកាសក្លាយជាមន្ត្រីរាជការក្របខណ្ឌ នៅពេលបំពេញគ្រប់លក្ខខណ្ឌ

0

ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យលទ្ធភាពផ្ដល់ក្របខណ្ឌដល់គ្រូបឋមសិក្សាជាប់កិច្ចសន្យា ជាមួយលក្ខខណ្ឌដែលត្រូវកំណត់។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាដល់ ក្រសួងទាំងពីរ គិតគូរឡើងវិញ ចំពោះរយៈពេលនៃការបង្រៀនរបស់គ្រូបង្រៀនស្ម័គ្រចិត្ត ដើម្បីផ្ដល់ឱកាសដល់គ្រូបង្រៀនស្ម័គ្រចិត្តនៅមូលដ្ឋាន បានចូលគ្រូក្របខណ្ឌ ដោយពិនិត្យមើលផ្ទាល់ទៅលើគុណវុឌ្ឍរបស់គ្រូបង្រៀន ហើយមិនត្រូវទុករយៈពេលបង្រៀនស្ម័គ្រចិត្តយូរឆ្នាំពេកនោះទេ។ សម្រាប់លោកគ្រូអ្នកគ្រូកម្រិតបឋមសិក្សា ជាប់កិច្ចសន្យា ដែលចូលបង្រៀនបានយ៉ាងហោចណាស់ ៤ឆ្នាំឡើងទៅ លោកអាចនឹងរៀបចំបណ្តុះបណ្តាលក្នុងវគ្គជំនាញ ឬវគ្គបច្ចេកទេស ២ឆ្នាំ ឬ១៨ខែ ដើម្បីអាចពិនិត្យរៀបចំបញ្ចូលជាក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិជូនតែម្តង។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកំណត់ឱ្យមានការកែសម្រួលរយៈពេល ក្នុងការធ្វើកិច្ចសន្យា ជាមួយគ្រូកិច្ចសន្យាថ្នាក់បឋមសិក្សា ដោយកែសម្រួលពី ១ឆ្នាំម្តង ទៅ ២ឆ្នាំម្តង។ លោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ អាចពិនិត្យបន្តការបង្រៀន ក្នងភាពជាគ្រូបង្រៀនជាប់កិច្ចសន្យា។ ករណីនេះ ត្រូវតែជាការ បំពេញកន្លែងដែលខ្វះ ដោយឈរលើកម្លាំងនៃសុខភាព និងឆន្ទៈ នៃការចូលរួមរបស់លោកគ្រូអ្នកគ្រូផ្ទាល់។

ទន្ទឹមនេះ សម្តេចមហាបវរធិបតី បានណែនាំឱ្យក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ក្ដាប់ឱ្យបានទិន្នន័យរបស់គ្រូបង្រៀនតាំងពីលើរហូតដល់ក្រោម ដើម្បីអាចដឹងបានថាក្នុងចំណោមសាលាជាង ១ម៉ឺនទីតាំង តើទីតាំងណាដែលមានការខ្វះខាតគ្រូបង្រៀន និងដើម្បីពិនិត្យលើលក្ខខណ្ឌឱ្យបានច្បាស់លាស់ និងតឹងរឹង សម្រាប់លោកគ្រូ អ្នកគ្រូ ដែលចង់ផ្លាស់ប្តូរទីកន្លែងបង្រៀន។

គួររម្លឹកថា នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័ន អង្គភាពពាក់ព័ន្ធដទៃទៀត រៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» សរុបចំនួន ២០៨៨នាក់ ដើម្បីបម្រើការងារនៅតាមសាលារៀនដែលមានតម្រូវការនៅទូទាំងប្រទេស៕