ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសបានថ្លែងថា ជាទូទៅសេដ្ឋកិច្ចសកលមិនទាន់ចេញរួចនៅឡើយ ដោយកាលពីឆ្នាំ២០២៤ ដែលទើបកន្លងផុតទៅនេះ សេដ្ឋកិច្ចសកលកើនឡើងក្នុងអត្រាប្រហាក់ប្រហែលទៅនឹងឆ្នាំ២០២៣ ដដែល គឺក្នុងរង្វង់ត្រឹមប្រមាណ ៣,២ភាគរយប៉ុណ្ណោះជាមធ្យមភាគ ក្នុងនោះសេដ្ឋកិច្ចនៃបណ្តាប្រទេសអភិវឌ្ឍន៍កើនឡើងបានត្រឹមតែ ១,៧ភាគរយ។ ជាមួយគ្នានេះ សេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍កើនបានត្រឹម ៤,២ភាគរយ ខណៈដែលសេដ្ឋកិច្ចនៅតំបន់អាស៊ានឯណេះវិញកើនបានប្រមាណ ៤,៦ភាគរយ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានអះអាងថា ការណ៍ដែលសេដ្ឋកិច្ចសកលបន្តស្ថិតក្នុងវិបត្តិរ៉ាំរ៉ៃបែបនេះតទៅទៀតនោះ គឺមកតែពីពិភពលោកភាពតានតឹងខាងផ្នែកភូមិសាស្ត្រនយោបាយនៅពុំទាន់ធូរស្រាលនៅឡើយ សង្គ្រាមធំៗនៅតែបន្ត ខណៈដែល សង្គ្រាមពាណិជ្ជកម្មដែលបង្ករឡើងដោយរដ្ឋបាលថ្មី របស់អាម៉េរិកផ្តើមលេចធ្លោឡើង។
ការលើកឡើងរបស់ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ យ៉ាងដូច្នេះ ធ្វើឡើងក្នុងវេទិកាសារព័ត៌មានស្តីពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានគូសបញ្ជាក់ថា នៅក្នុងបរិបទបែបនេះនៅឆ្នាំ២០២៤ ដែលទើបកន្លងផុតទៅសេដ្ឋកិច្ចកម្ពុជា កើនបានប្រមាណ ៦ភាគរយ បានន័យថា សេដ្ឋកិច្ចនៃប្រទេសយើងបាន និងកំពុងបន្តវិលមករកស្ថានភាពដើមឡើងវិញ គឺស្ថានភាពមុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ពោលគឺមុនឆ្នាំ២០២០ ដែលកាលនោះជាច្រើនឆ្នាំជាប់ៗគ្នាគិតជាមធ្យមភាគកំណើនសេដ្ឋកិច្ចកម្ពុជាមានប្រហែល ៧ភាគរយ ហើយតួលេខនេះយើងមិនគួរឆាប់ភ្លេចពេកទេ វាបានធ្លាក់មកនៅក្រោមសូន្យភាគរយនៅឆ្នាំ២០២០ ដែលជាឆ្នាំទី១នៃការរាតត្បាតខ្លាំងពីសំណាក់ជំងឺកូវីដ-១៩ មុននឹងងើបឡើងវិញជាបណ្តើរៗគឺប្រមាណ ៣,១ភាគរយនៅឆ្នាំ២០២១ ៥,១ភាគរយនៅឆ្នាំ២០២២ ៥ភាគរយនៅឆ្នាំ ២០២៣ ហើយនៅឆ្នាំ២០២៤ កន្លងទៅនេះកើនបានប្រមាណ ៦ភាគរយ។
ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកឡើងថា ដែលជារួមស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាបើប្រៀបធៀបទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចសកលគឺមិនអាក្រក់នោះទេ ផ្ទុយទៅវិញគឺវាមានសន្ទុះខ្លាំង និងមានកម្ពស់ខ្ពស់។ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានបញ្ជាក់បន្ថែមថា ការដែលឯកឧត្តមលើកឡើងបែបនេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងតាងនាមឱ្យសម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយឯកឧត្តមសូមលើកទឹកចិត្តឱ្យខ្មែរយើងមានសុទិដ្ឋិនិយម ពីព្រោះតួលេខនៃម៉ាក្រូសេដ្ឋកិច្ចដែលបានលើកឡើងនេះគឺសុទ្ធតែចេញមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជា ធនាគារពិភពលោក(World Bank) និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។
ជាមួយគ្នានេះ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ម្យ៉ាងវិញទៀត ប្រសិនបើគ្មានភាពចៃដន្យនៃភាពតានតឹងខាងភូមិសាស្ត្រនយោបាយក្នុងកម្រិតខ្ពស់ស្រួចស្រាវជាងសព្វថ្ងៃនៅក្នុងតំបន់ និងនៅទីកន្លែងផ្សេងនៅក្នុងពិភពលោកទេនោះ នៅក្នុងឆ្នាំ ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា នឹងបន្តមានសន្ទុះឡើងវិញ ដោយនឹងបន្តកើនឡើងជាលំដាប់តទៅទៀត ដែលអាចនឹងកើនឡើងដល់ ៦,៣ភាគរយ នេះបើតាមការព្យាករណ៍៕