ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២ ៨៤៤លើក ដោយថយចុះ១៤% ស្នើនឹង ៤៧៣លើក ប្រសិនប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ នេះបើយោងតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ គ.ស.ច.គ. នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងរបាយការណ៍ ដដែល បានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ខេត្តព្រះសីហនុចំនួន ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% និងកត្តាផ្សេងៗ ៤%។
ទន្ទឹមនឹងនេះ លទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ សមត្ថកិច្ច បានពិន័យយានយន្ដល្មើសច្បាប់សរុប ចំនួន ១១៦ ៣០៨គ្រឿង (១១៦ ៧២១ករណី) ដែលក្នុងនោះរួមមាន ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៨១ ៩៨៧គ្រឿង (៨១ ៩៩៨ករណី) ស្មើ៧០% និងរថយន្តចំនួន ៣៤ ៣២១គ្រឿង (៣៤ ៧២៣ករណី) ក្នុងនោះធុនធ្ងន់ ១ ៥០៣គ្រឿង (១ ៥៥៨ករណី) ស្មើ៣០%៕