បណ្ឌិតយង់ ពៅ ៖ ដំណើរទស្សនកិច្ចមេទ័ពជើងគោកអាម៉េរិកនៅកម្ពុជា កាន់តែបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

0

លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍នយោបាយបានមើលឃើញថា ក្នុងដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកនៅកម្ពុជា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែល្អប្រសើរបន្ថែមទៀត ។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ។ នាឱកាសនោះរូបលោកត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរ សម ជាមួយសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារ ជាតិ ឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ តាមរយៈនេះ លោកបណ្ឌិត យង់ ពៅអ្នកតាមដានស្ថានការណ៍នយោ បាយបានមើលឃើញថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់មេទ័ពជើងគោកជាន់ខ្ពស់របស់អាម៉េរិកនៅកម្ពុជា បានបង្ហាញនូវសញ្ញាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ ខណៈកន្លងមកមានក្រុមមនុស្សមួយចំនួនបានចោទ ប្រកាន់ថា កម្ពុជាលំអៀងជាខ្លាំងទៅរកមហាអំណាចចិន ។ លោកថា នេះបានសបញ្ជាក់ថា កម្ពុជាមានទំនាក់ទំនងល្អជាមួយអាម៉េរិកនិងបណ្តាប្រទេសផ្សេងទៀត មិនចំពោះ តែប្រទេសណាមួយនោះទេ ។ “ទស្សនកិច្ចមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិកមកកម្ពុជា ក្នុងរយៈ ពេលប៉ុន្មានថ្ងៃមកនេះ ជាសញ្ញាល្អមួយ ។ និយាយរួមយើងអាចកត់ សម្គាល់ថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ។ និយាយឲ្យចំគឺទំនាក់ទំនងក្នុងវិស័យយោធាដែលវិស័យយោធា ជាមួយសហរដ្ឋអាម៉េរិកនេះយើងធ្លាប់មានទំនាក់ ទំនងល្អនឹងគ្នាដែលមានសមយុទ្ធឆ្មាំអង្គរជាដើម និងការពង្រឹងទៅលើសមត្ថភាពអ្វីផ្សេងទៀត ក៏ដូចជាជំនួយយោធាផ្សេងទៀតដែរ” ។

ប៉ុន្តែលោកថា ការទំនាក់ទំនងនោះក៏ត្រូវបានកាត់ផ្តាច់វិញនាអំឡុងឆ្នាំ២០១៧ ទាំងវិស័យយោធា នយោបាយ និងជំនួយផ្សេងៗទៀត ។ ដោយឡែកសម្រាប់ជំនួបជាថ្មីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី និងមេទ័ពកម្ពុជា គឺសញ្ញាដ៏ល្អមួយដែលអាចនាំឲ្យមានទៅដល់ការមានទំនាក់ទំនងផ្នែកនយោបាយ ជំនួយផ្សេងៗ និងការធ្វើសមយុទ្ធឆ្មាំអង្គរជាមួយគ្នាឡើងវិញផងដែរ ដែលត្រូវការគ្នាទៅវិញទៅមក ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយតែក៏បានរួមចំណែកជាមួយសហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្នុងវេទិកាអាស៊ានជាដើម ។ សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកងទ័ព ជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ ស្របពេលខួបលើកទី៧៥ ទំនាក់ទំនងការទូតរវាងកម្ពុជា-អាម៉េរិក ។ នេះក៏ជាលើកទី២ ដែលមេបញ្ជាការ កងទ័ពជើង គោកអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈលើកទី១ ដឹកនាំដោយនាយឧត្តមសេនីយ៍ វ៉ីនសេន ប៊្រុក (VINCENT BROOKS) កាលពីអំឡុងឆ្នាំ២០១៤ ៕