ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ

0

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមការណែនាំរបស់ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេក ទេស​អង្គភាព​គ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស អគ្គិសនី កម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ចុះ​ពិនិត្យការដ្ឋានរួមគ្នា ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដី ដែល មានបច្ចុប្បន្ន ហើយរងប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាស​ឱ្យ​ដឹង​នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ។

ប្រភពដដែលបន្តថាក្នុងឱកាសនេះក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាបានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែល​មានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រុមហ៊ុន​​ទីប្រឹក្សា​បច្ចេកទេស Yooshin JV ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង។ តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងកប់​បណ្ដាញ​​បញ្ជូន​ថាមពលតំបន់​នេះ មានបណ្តាញតង់ស្យុងមធ្យម(MV) នៅកប់ក្រោមដី។ ដោយឡែកនៅ​ត្រើយខាងកើត អាចនឹង​មានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោល​បណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោម​ការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។

ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោ​ងទុក ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករ ដែលធ្វើ​សេវាកម្មផ្គត់ផ្គង់អគ្គិសនីសិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្ម​គំនូស​ប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តា​ញដែលប៉ះពាល់សសរ​គ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនី​ជាយថា​ហេតុ។

សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិត​ក្នុងដំណាក់កាលសិក្សាលម្អិត។ ជាគម្រោង​ទទួលបានហិរញ្ញប្បទានរបស់​ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។ ជាប្រភេទ​ស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មាន​ចំនួន២ ឆ្លង​ទន្លេសាប​ប្រវែង ១ ០៧០ម៉ែត្រ, ទន្លេមេគង្គប្រវែង ១ ២៦២ម៉ែត្រ មានទទឹង​ស្ពាន ២៦,៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៉ែត្រ៕