សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើនធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការបង្កើនធនធានមនុស្សពិតជាមានសារៈសំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ខណៈរាជរដ្ឋាភិបាលនឹងបន្តធ្វើការវិនិយោគលើកប្រព័ន្ធបច្ចេកវិទ្យានេះទៅមុខរហូត។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ” នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៥នៅខេត្តសៀមរាប សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការបង្កើនធនធាន មនុស្ស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាកិច្ចការសំខាន់ណាស់ ព្រោះថាបច្ចេកវិទ្យា ឌីជីថល បានពាក់ព័ន្ធនឹងដំណើរការជីវិតរបស់យើងសព្វថ្ងៃ។រាជរដ្ឋាភិបាលនឹងបន្តវិនិយោគ លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ទៅមុខទៀត រហូតដល់ ហ្វាយជី(5G) ។ ហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងប្រព័ន្ធAI នេះទៅមុខទៀត។

សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖«ប្រព័ន្ធAI សំខាន់ណាស់ ព្រោះថាវាមិនស្រួលទេ បើសិនយើងដើរមិនទាន់វានឹងមានគ្រោះថ្នាក់ ។ ថ្ងៃមុន ថ្នាក់ដឹកនាំប្រទេសអីតាលីម្នាក់ ដែលជាមហាសេដ្ឋីបានផ្ញើលុយ១លានអឺរ៉ូ តាមទូរស័ព្ទដោយប្រើសំឡេងជារដ្ឋមន្ត្រី ការពារជាតិអ៊ីតាលី ។ ប៉ុន្តែនៅពេលសួរថាតើរដ្ឋមន្ត្រីការពារជាតិមានឱ្យផ្ញើពិតមែនឬទេ ប៉ុន្តែគេថាមិនមានទេ»។សម្តេចបវរធិបតីបានបន្តថា រាជរដ្ឋាភិបាលបានដាក់ទិសដៅក្នុងការអភិវឌ្ឍបន្ថែម ដែលទាក់ទងនិងប្រជាជន។ ក្នុងករណីដែលមានតែបច្ចេកវិទ្យា ហើយគ្មានប្រជាជនមាន សមត្ថភាព ប្រើប្រាស់នោះ ក៏ពិបាកដែរ។សម្តេចបវរធីបតីគូសបញ្ជាក់ថា៖«បើយើងមានទូរស័ព្ទទំនើបយ៉ាងណាក្តី បើយើង ចង់ប្រើប្រាស់ឱ្យអស់សក្តានុពល ហើយយើងគ្មានសមត្ថភាពប្រើប្រាស់ តើវាធ្វើបានឬទេ»។

ជាមួយគ្នានោះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ទាំងកុំព្យូទ័រស្អាតល្អ ទូរស័ព្ទ និងមន្ទីរពេទ្យមានសំភារៈទំនើបល្អ បើយើងគ្មានអ្នកមានចំណេះជំនាញនោះ យើងក៏មិនអាចទៅរួចដែរ។សម្តេចបវរធិបតីបានបន្ថែមថា កត្តាសំខាន់គឺត្រូវតែធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ព្រោះថាការប្រើប្រាស់បច្ចេកវិទ្យាវាបាន ទាក់ទិននឹងជីវិតរបស់មនុស្ស៕