ការធ្វើសេរីភាវូបនីយកម្មផ្នែកវិនិយោគ និងពាណិជ្ជកម្ម បានទាក់ទាញរំហូរវិនិយោគ បរទេសមកកម្ពុជាជាបន្តបន្ទាប់ និងបានជំរុញឱ្យមានកំណើនការផលិត និងការនាំចេញទៅទីផ្សារបរទេស ដែលបានបង្កើតការងារក្នុងស្រុក រួមចំណែកលើកកម្ពស់ជីវភាព ក៏ដូចជាកាត់បន្ថយភាពក្រីក្ររបស់ ពលរដ្ឋជាជំហានៗ។
យោងតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ រៀបចំដោយក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីកម្ពុជាបានប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី ដែលជាមូលដ្ឋានគ្រឹះក្នុងការដាក់ចេញនូវផែនការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ។
ទន្ទឹមនឹងការសម្រេចបានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការកើនឡើងជាលំដាប់នៃប្រាក់ ចំណូលរបស់ពលរដ្ឋ, រាជរដ្ឋាភិបាលរក្សាបានយ៉ាងល្អប្រសើរផងដែរនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជារួម។ ជាក់ស្ដែង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ, អត្រាអតិផរណាត្រូវបានរក្សាក្នុងកម្រិតអាចគ្រប់គ្រងបាន ពោលគឺក្នុងអត្រាមធ្យមប្រមាណ៣% ខណៈដែលអត្រាប្តូរប្រាក់រក្សាបានក្នុងរង្វង់ ៤០៦០ រៀល ក្នុង ១ដុល្លារអាម៉េរិក ។ ទន្ទឹមគ្នានេះ ទុនបម្រុងអន្តរជាតិស្ថិតក្នុងរង្វង់ ១៩ ៩៩៨ លានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៣ ដែលអាចធានាការនាំចូលបានប្រមាណ ៨,២ខែ។ ចំណែកការនាំចូល ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣, កើនឡើងជាមធ្យមចំនួន ១២,២% ខណៈដែលការនាំចេញមានកំណើនជាមធ្យមចំនួន ១៣,៣%។
យោងតាមទិន្នន័យគណនេយ្យជាតិឆ្នាំគោលថ្មី ឆ្នាំ២០១៤ របស់វិទ្យាស្ថានជាតិស្ថិតិ, សេដ្ឋកិច្ច កម្ពុជាមានកំណើនជាមធ្យម ៩,៤% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ មុននឹងថមថយបន្តិច មកត្រឹម អត្រាប្រមាណ ៤,១% ក្នុងឆ្នាំ២០០៩ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែបានបន្តងើបឡើង វិញក្នុងកំណើនជាមធ្យម ៧,៦% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។ យ៉ាងណាមិញ, ការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់កម្មវិបាកអវិជ្ជមាន ជាពិសេសលើវិស័យទេសចរណ៍, វិស័យសំណង់ និងវិស័យបម្រើឱ្យការនាំចេញ ដូចជាវិស័យកាត់ដេរជាដើម ដែលការណ៍នេះ បានបណ្ដាលឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ ក្នុងអត្រា ៣,៦% នៅឆ្នាំ២០២០។ ក្នុងឆ្នាំ២០២១, ឆ្នាំ២០២២ និងឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចបានបន្តងើបឡើងវិញក្នុង អត្រាកំណើន ៣,១%, ៥,១% និង ៥,០% រៀងគ្នា និងត្រូវបានព្យាករថាបន្តងើបឡើងក្នុងអត្រាកំណើន ៦,០% ក្នុងឆ្នាំ២០២៤។ ការរីកចម្រើន នៃកំណើនសេដ្ឋកិច្ចនេះ បានជំរុញជីវភាពរស់នៅរបស់ពលរដ្ឋ កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ បានកើនឡើងជាង ៨ដង ពីទំហំប្រមាណ ៣១២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ ដល់ប្រមាណ ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។
គួរកត់សម្គាល់ថា យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក, ប្រទេសកម្ពុជាឱ្យបានប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាបក្នុងឆ្នាំ២០១៥ ហើយីស្ថាប័នអន្តរជាតិនានាជាច្រើន បានវាយតម្លៃថា កម្ពុជាជាប្រទេសមួយ ដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចលឿនជាងគេ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នានា ផងដែរ ៕