កម្ពុជាអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត

0

ភ្នំពេញ ៖ កម្ពុជាបានអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត សម្រាប់បំរើឱ្យសកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបង្កើតគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានា។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបាន បង្កើត «មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់និងសហគមន៍រងផលប៉ះពាល់ ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្តើមធ្វើការបោសសម្អាតមីនឱ្យអស់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចាប់ពីឆ្នាំ២០២២ កម្ពុជាបានប្រកាសរាជធានី ខេត្តចំនួន១៥ ជារាជធានី ខេត្តអស់មីន រួមមានខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ បន្ថែមពីនោះទៀត ចាប់តាំងពីកម្ពុជាចាប់ផ្តើមស្ដារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានកំណត់យក សកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្ត្រ ជាតិសំខាន់ៗ។ ដោយមើលឃើញពីសារៈសំខាន់នេះ និងដើម្បីជាការចូលរួមចំណែកជាប្រទេសគំរូមួយក្នុងតំបន់ និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះ ចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងដាក់បញ្ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានអញ្ជើញ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា នាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមជានាយករដ្ឋមន្ត្រី ក៏បានថ្លែង «បន្ថែមពីលើ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខ័ណ្ឌសកល កម្ពុជាក៏បានបន្ថែមគោលដៅដោយឡែករបស់ខ្លួន ទាក់ទងនឹងសកម្មភាពមីន។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្តល់ការគាំទ្រទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត។ កម្ពុជាក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបាន កាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាឃាតករលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រដាប់អាវុធ បានបញ្ចប់ក្តី៕