ក្រុមហ៊ុននៃរដ្ឋបាលខេត្តហ៊ឺណាន ស្នើសុំវិនិយោគគម្រោងសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការ​ លើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា

0

នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនារសៀលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ឮ

គួរបញ្ជាក់ដែរថា៖ ក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ត្រូវបានផ្លាស់ប្តូរឈ្មោះពី ក្រុមហ៊ុន Cambodia Angkor Air, បច្ចុប្បន្នមានជើងហោះហើរត្រង់ជាច្រើនពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសចិន។

នាពេលអនាគត ក្រុមហ៊ុនគ្រោងនឹងបើកជើងហោះហើរត្រង់ពីភ្នំពេញ ទៅកាន់ទីក្រុងធំៗចំនួនពីរក្នុងប្រទេសជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើនរបស់កម្ពុជា៕