ផ្លូវកំពង់ស្រឡាងចាស់ ក្លាយទៅជាទីតាំងទេសចរណ៍នៅពេលជួសជុលនិងដាក់ភ្លើងបំភ្លឺ នៅពេលយប់រួចរាល់

0

វិទ្យុជាតិកម្ពុជា លោកគឹមហឿន ខេត្តស្ទឹងត្រែង- ផ្លូវកំពង់ស្រឡាងចាស់មួយនៅខេត្តស្ទឹងត្រែង ត្រូវបានជួសជុលនិងដាក់បង្គោលភ្លើងបំភ្លឺពេលយប់ ដែលជាចំណែកមួយបានជួយអភិរក្សសមិទ្ធផលមរតក និងផ្តល់ប្រយោជន៍សម្រាប់ប្រជាកសិករសំចតលក់កសិផលនៅពេលព្រឹកព្រលឹម និងបានក្លាយទៅជាទីតាំងទាក់ទាញភ្ញៀវទេសចរផងដែរ។

ក្នុងឱកាសចុះពិនិត្យសកម្មភាពជួសជុលផ្លូវកំពង់ស្រឡាងចាស់នៅជួរមាត់ទន្លេសេកុង ក្នុងក្រុងខេត្តស្ទឹងត្រែង ឯកឧត្តមសរ សុពុត្រាអភិបាលខេត្ត មានប្រសាសន៍ថា៖នៅចំណុចនេះពេលជួសជុលហើយបានផ្តល់ផលប្រយោជន៍ច្រើនយ៉ាងទៀត ក្នុងនោះប្រជាកសិករស្រួលមកសំចតលក់ផលកសិកម្ម ទីក្រុងក៏មានសោភ័ណភាព ហើយផ្តល់ភាពទាក់ទាញដល់ភ្ញៀវទេសចរបន្ថែមទៀត ។

ឯកឧត្តមមានប្រសាសន៍បន្តថា៖អភិបាលក្រុងត្រូវសហការជាមួយមន្ទីរជំនាញនាំគ្នារៀបចំទីតាំងនេះឱ្យក្លាយទៅជាកន្លែងទេសចរណ៍មួយនៅក្នុងក្រុង និងដើម្បីឱ្យប្រជាពលរដ្ឋយើងលក់ដូរទំនិញទទួលបានប្រាក់ចំណូលផង។ ហើយអម្បាញ់មិញខ្ញុំឲ្យជាគំនិត សូមឱ្យបណ្ដុះបង្គោលចេញមួយៗឲ្យហើយ សម្រាប់បំពាក់សូឡាភ្លឺពេលយប់ ហើយយើងដកទៅវិញនៅខែវស្សា ព្រោះទឹកលិចអស់ទៅហើយ អញ្ចឹងនេះជាកូនគំនិតរួម ចង់រក្សាស្ថានភាពចាស់ នៅទីនេះ នៅពេលដែលយើងធ្វើស្អាតហើយ អាចក្លាយទៅជាចំណុចទេសចរណ៍មួយដែរ ខ្ញុំក៏ធ្លាប់បានជជែកជាមួយក្រុងហើយ យើងអាចរកណាមួយមកវិនិយោគ ដាក់ទាទឹក ទូកកាយ៉ាក់ជិះ ខែប្រាំង និងក្លាយទៅជាតំបន់ ទេសចរណ៍មួយយ៉ាងមានសារៈសំខាន់ ហើយយើងអាចបានចំណូលសម្រាប់ប្រជាពលរដ្ឋយើងផង យើងបានចំណូលជាស៊ុយសារសម្រាប់ខេត្ត ក្រុងដើម្បីយកមកអភិវឌ្ឍចំនុចផ្សេងៗនៅតំបន់នេះបន្ថែម នេះគឺជាគំនិតខ្លីតែខ្ញុំគិតថា អាចទទួលការសាទរពីប្រជាពលរដ្ឋយើងបានច្រើន។

លោកសាយ កុសលអភិបាលក្រុងស្ទឹងត្រែងបានចាត់ទុកថា៖នេះជាបរិបទថ្មីមួយទៀត ហើយអាជ្ញាធរក្រុងនិងមន្ត្រីជំនាញពាក់ព័ន្ធប្រឹងប្រែងរួមគ្នាអនុវត្តតាមការណែនាំ ព្រោះវាជាកាតព្វកិច្ចសម្រាប់មន្ត្រីជំនាញរួមគ្នាធ្វើការអភិវឌ្ឍន៍ឡើង ដើម្បីប្រយោជន៍ជាតិយើងទាំងមូល ។ លោកបន្តថា៖ការអភិវឌ្ឍនៅតំបន់កំពង់ផែនេះ ខេត្តទទួលបានគម្រោងសាងសង់ពីADB ទាំងបង្គោលភ្លើង- បន្ទប់អនាម័យសាធារណៈ-កន្លែងហាត់ប្រាណ-កន្លែងសួនកុមារ-និងក្រាលការ៉ូតាមជួរមាត់ទន្លេនៅចុងឆ្នាំ២០២៥នេះ ព្រោះគម្រោងមានហើយ នៅតែដាក់ដេញថ្លៃធ្វើតែប៉ុណ្ណោះ ។

លោកវ៉ា សុផាត ប្រជាពលរដ្ឋរស់នៅភូមិអន្លុងស្វាយបានគាំទ្រគម្រោងអភិវឌ្ឍនេះព្រោះវាជាសមិទ្ធផលដែលប្រជាពលរដ្ឋយើងចង់បាន ហើយបានជួយឱ្យក្រុងស្ទឹងត្រែងមានសោភ័ណភាពស្អាត កូនចៅប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ក៍ដូចជាភ្ញៀវទេសចរមកលេង ម្តងហើយចង់មកម្តងទៀត។

សូមបញ្ជាក់ថា៖ផ្លូវកំពង់ស្រឡាងកំពុងជួសជុលនេះ មានប្រវែង១៣១ម៉ែត្រទទឹង៦ម៉ែត្រនិងបញ្ជាប់ការជួសជុលនៅចុងខែកុម្ភៈនេះ ដែលត្រូវចំណាយថវិកាជួសជុលអស់ប្រមាណ៤០លានរៀល ក្នុងនោះមានថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមអភិបាលខេត្តចំនួន១០លានរៀលផងដែរ៕