សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៦ភាគរយ នៅឆ្នាំ២០២៤កន្លងទៅ ហើយនឹងបន្តកំណើនបន្ថែមទៀតនៅឆ្នាំ២០២៥នេះ ខណៈដែលការវិនិយោគនៅកម្ពុជាបានបង្ហាញនូវសញ្ញាវិជ្ជមានល្អប្រសើរ ដែលបានឆ្លុះបញ្ចាំងតាមការកើនឡើងនូវលំហូរវិនិយោគទុនផ្ទាល់ពីបរទេសប្រមាណ៤០ភាគរយ ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋដូច្នេះធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃសលកវិទ្យាល័យអាស៊ី អឺរុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ការអនុម័តគម្រោងថ្មីៗដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានកំណើនខ្ពស់ផងដែរ ដោយនៅឆ្នាំ២០២៤ បានអនុម័តលើ៤១៤គម្រោង ដែលមានការកើន ឡើងចំនួន១៤៦គម្រោង ធៀបនឹងឆ្នាំ២០២៣ ដែលកំណើនសេដ្ឋកិច្ច និងការវិនិយោគនេះនឹងបង្កើតឱ្យមានតម្រូវការនូវបុគ្គលិកជំនាញ និងបៀវត្សរ៍ខ្ពស់នៅក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការទទួលបានសញ្ញាបត្ររបស់ជ័យលាភីនៃនិស្សិតសលកវិទ្យាល័យអាស៊ី អឺរុបនាពេលនេះ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់សម្រាប់ជីវិតរបស់និស្សិតជាជ័យលាភី ដោយសម្តេចសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជាជ័យលាភីនឹងខិតខំពុះពារជម្នះរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីកសាង និងពង្រឹងខ្លួនឱ្យទៅជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ និង ប្រើប្រាស់ចំណេះដឹង ចំណេះធ្វើរបស់ខ្លួនប្រកបដោយមនសិកាវិជ្ជមាន ទទួលខុសត្រូវលើការងារ និង ដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វជាតិ មាតុភូមិ ជាទីស្នេហានៃយើង។
សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្ថែមថា ទន្ទឹមនេះ ថ្វីត្បិតតែនិស្សិតជ័យលាភីបានបញ្ចប់ការសិក្សាតាមក្រឹតសញ្ញាបត្រ រៀងៗខ្លួនជាស្ថាពរក៏ពិតមែន ប៉ុន្តែការណ៍នេះមិនមែនការបញ្ចប់នូវការសិក្សានោះទេ ពោលគឺចាំបាច់ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀតពេញមួយជីវិត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។ ទន្ទឹមនេះ ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារការងារ និងមានការប្រកួតប្រជែងកាន់ខ្ពស់ជាមួយបណ្តាជនទាំងប្រទេស និងក្រៅប្រទេស ព្រមជាមួយការតាមឱ្យទាន់ចំពោះបច្ចេកវិទ្យាថ្មីៗក៏ដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត (AI) ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដើម្បីអាចមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះដើម្បីបង្កើនផលិតភាពការងារ។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត (AI) ក៏អាចនឹងជំនួសការងារមួយផ្នែកដូចជា ការផ្តល់ព័ត៌មាន ប្រាប់ផ្លូវ ការបកប្រែភាសា វិភាគទិន្នន័យ និងការផ្តល់សេវាជាដើម។ ដូច្នេះការបន្តការសិក្សារៀនសូត្រ អភិវឌ្ឍន៍ជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យា គឺមិនត្រឹមតែជាការងារបន្ទាប់បន្សំនោះទេ ប៉ុន្តែវាជាការងារស្នូលដែលបញ្ញវន្ត និងអ្នកជំនាញត្រូវឱបក្រសោបដើម្បីធានាស្ថិរភាពការងារ និងសេចក្តីថ្កុំថ្កើងនៃសង្គមជាតិកម្ពុជា៕