សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងអប់រំ បន្តសហការជាមួយវិស័យឯកជន ធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តសហការជាមួយវិស័យឯកជន ដោយធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ តាមរយៈការអភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មនូវកម្មវិធីសិក្សា។

ការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស​ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ (នារី ១ ១៦៩ នាក់) នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ។

ការអភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្ម លើក​ម្មវិធីសិក្សាខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យផ្តោតទៅលើការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស ជំនាញរឹង និងជំនាញទន់ ។

សម្តេចធិបតី មានប្រសាសន៍ថា “ជាពិសេស ការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងកន្លែងការងារ តាមរយៈពង្រឹងក្របខណ្ឌគុណវុឌ្ឍិជាតិ ការបង្កើតស្តង់ដារជាតិ លើការអភិវឌ្ឍមុខជំនាញ សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារពលកម្ម ការបង្កើតឱកាសទទួលការងារ និងការប្រើប្រាស់អស់សក្កានុពល នូវវិទ្យាសាស្ត្ររបស់កម្ពុជា ក៏ដូចជាការបង្កើតលក្ខខណ្ឌសមស្រប សម្រាប់ពលករកម្ពុជា”៕