អគ្គីភ័យឆាបឆេះក្លឹប ស៊ីន ជានហ៊ួយ ខេធីវី នៅខេត្តបន្ទាយមានជ័យ

0

បន្ទាយ​មាន​ជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី មាន​ករណី​អគ្គិភ័យ​មួយ​យ៉ាង​សន្ធោសន្ធៅ បាន​ឆាបឆេះ ក្លឹ​ប ស៊ី​ន ជាន​ហ៊ួ​យ ខេ​ធី​វី (​នៅ​EDM ចាស់​) នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ភ្លាម​ៗ​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់​បញ្ជូន​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ រួម​មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​បញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១,៩១១ នាំ​យក​រថយន្ត​ទឹក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង កម្លាំងយោធា​សឹក​រង​ក្រុង ប្រជា​ការពារ អាជ្ញាធរ​មូលដ្ឋាន ក្រុម​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​កាស៊ីណូ ជួយ​អន្តរាគមន៍​ពន្លត់​ទីតាំង​កើតហេតុ​។

លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ករណី​អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី ម៉ាស៊ីនត្រជាក់ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​ក្លឹ​ប​អស់​មួយ​ភាគ​ធំ តែ​មិន​បាន​បណ្តាល​ឲ្យ​ជន​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​បាត់បង់​ជីវិត​ឡើយ​។ ប្រតិបត្តិការ​នេះ ប្រើប្រាស់​ទឹក​អស់​ចំនួន​០៥​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​យើង​ពន្លត់​ទាន់​ពេល​រហូត​ដល់​ម៉ោង​៧:៣០​នាទី ទើប​រលត់​ទាំងស្រុង​៕