ឯកឧត្តម ប៉ែន សុវិជាតិ៖ ទោះបីអាម៉េរិកតម្លើងពន្ធ២៥%ទៅកាន់ប្រទេសធំៗ ចំនួន៣ក៏ដោយ ប៉ុន្តែសម្រាប់កម្ពុជាពុំទាន់មានសញ្ញាណាមួយឡើយ

0

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងគូសបញ្ជាក់ថា បើទោះបីពេលនេះ រដ្ឋបាលរបស់លោក ដូលណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក សម្រេចតម្លើងពន្ធលើទំនិញ ដែលនាំចូលពីប្រទេសកាណាដា មិចស៊ិក និងប្រទេសចិន រហូតទៅដល់២៥%ក៏ពិតមែន ប៉ុន្តែសម្រាប់កម្ពុជា នាពេលបច្ចុប្បន្ននេះ ពុំមានសញ្ញាណាមួយ ដែលអាមេរិក ដាក់សម្ពាធលើការតម្លើងពន្ធបន្ថែមជាមួយកម្ពុជាឡើយ ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងថា ដោយយោងទៅតាមអ្វីដែលកំពុងកើតឡើងជាក់ស្តែង ដោយសំអាងថា សហរដ្ឋអាម៉េរិក បានផ្តោតគោលដៅទៅលើប្រទេសធំៗ៣ប៉ុណ្ណោះ ដែលប្រទេសទាំង៣នេះ ត្រូវបានគេមើលឃើញថា ជាចំណែកដ៏ធំ លើការនាំចូលទំនិញ ក៏ដូចជាចំណីអាហារ និងសម្ភារៈប្រើប្រាស់ស្ទើតែ៩០% ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ខណៈឯកឧត្តម ប៉ែន សុវិជាតិ ថា ការតម្លើងពន្ធ ឬការដាក់សម្ពាធលើពន្ធនាំចូលរបស់អាម៉េរិក មិនត្រូវបានធ្វើឡើង ចំពោះប្រទេសដែលមានការអភិវឌ្ឍតិចតួចនោះទេ។

ឯកឧត្តម អ្នកនាំពាក្យរូបនេះ ក៏បានគូសបញ្ជាក់ដែរថា នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាង ការនាំចូលរបស់សហរដ្ឋអាម៉េរិក មកកាន់កម្ពុជា មានចំនួនតិចជាងការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ។ ហើយបើទោះបីមានការតម្លើងពន្ធ២៥%ក៏ពិតមែន តែគោលដៅធំរបស់សហរដ្ឋអាម៉េរិក សំដៅទៅកាន់ប្រទេសចិន កាណាដា និងម៉ិកស៊ិក ដែលជាដំណឹងមិនល្អឡើយ សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង៣នេះ ។

សូមបញ្ជាក់ថា អាម៉េរិក ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា នៅឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងដល់ជិត ១០ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កើនឡើង ១១ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕