សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋទិញហូប។
សម្តេចបវរធិបតីបានបន្តថា យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើន ឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺ ដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពី កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាប បទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ ទ្រង់ទ្រាយធំមួយចំនួន។
ការគូសបញ្ជាក់អំពីទិន្នផលត្រីឆ្នាំនេះថាមានការកើនឡើង គឺបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ ទី៨ ខែធ្នូឆ្នាំ២០២៤បានឆ្លៀតពេល ចុះជួបសំណេះសំណាល និងមើលការប្រមូលផលនេសាទ របស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល ដែលជាថ្ងៃទី១ ដែលត្រីចាប់ផ្តើមត្រូវ។
យោងតាមប្រជាពលរដ្ឋ នៅគីឡូម៉ែត្រលេខ៩ ក្នុងភ្នំពេញបានឱ្យដឹងថា ត្រីសម្រាប់ធ្វើប្រហុកដែលពួកគាត់ទិញពីម្ចាស់ដាយត្រីផ្ទាល់ មកដល់នៅមាត់ទន្លេ ចន្លោះពី១១០០រៀល ទៅ១៣០០រៀលទៅតាមប្រភេទ និងគុណភាពត្រី។
អាជ្ញាធរទន្លេសាបបានឱ្យដឹងថា ទិដ្ឋភាពផលនេសាទដាយត្រី និងសកម្មភាពចាប់ត្រីនៅថ្ងៃទី៧ ខែធ្នូ នៅជួរលេខ ១៤ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលលើកពីទឹកមួយដង បានបរិមាណប្រមាណ ១តោន ក្នុងរយៈពេល ៣០ នាទី និងជួរ ទី ១៥ លើកមួយដង បានបរិមាណ ប្រមាណ ១ ទៅ ២តោន ក្នុងរយៈពេល ៤៥ នាទី ។
ទន្ទឹមនេះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២
មករាឆ្នាំ២០២៥ ក្នុងសន្និបាតបូកសរុបការរងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និង ទិសដៅអនុវត្តឆ្នាំ២០២៥ បានបញ្ជាក់ថា ផលិតផល ជលផល សរុប ជិត១លាន តោន ទទួលបានក្នុង ឆ្នាំ២០២៤ កើនឡើង ៦០ពាន់ តោនស្មើ នឹង៧ភាគរយ ធៀបទៅ នឹងឆ្នាំ២០២៣និង ផ្គត់ផ្គង់ បាន៩៥ភាគរយនៃ តម្រូវការក្នុងស្រុកក្នុង នោះ ផលិតផលទឹកសាប កើនឡើង ៩,៥ភាគរយ ជលផលសមុទ្រ កើនឡើង១១ភាគរយ ខណៈវារីវប្បកម្ម ក៏មានការ កើនឡើង គួរអោយកត់សម្គាល់ផង ដែរ។ ប្រជានេសាទទូទៅ មានភាពរីករាយ ដែលទទួល បាននូវកំណើន ត្រីទឹកសាប សម្រាប់ការផលិតប្រហុក ផ្អកទទួលទាននៅក្នុងតម្លៃសមរម្យ។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន អភិរក្សជលផល នៃក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ នឹង នេសាទ កាលពីថ្ងៃទី ២៧ ខែមករាឆ្នាំ២០២៥ បានបញ្ជាក់ថា ការកើនឡើង នូវទិន្នផល ត្រី ឆ្នាំនេះ គឺ ទី១ ដោយសារ មានការការពារកន្លែង អភិរក្សជលផល ដោយមិនអនុញ្ញាតឱ្យ មានការធ្វើនេសាទ ឡើយ ពីព្រោះ ជាកន្លែង ត្រីមេពូជ រស់នៅ និងបន្តពូជ។ ទី២ មាន ការចូលរួម សហការយ៉ាងសកម្ម ក្នុងការ បង្ក្រាបបទល្មើស ទទាន់ពេវេលា ពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ។ ទី៣មាន កកាចូលរួមពីមហាជន គ្រប់ ស្រទាប់វណ្ណៈ ជាពិសេសបងប្អូន អ្នកនេសាទ ពេលឃើញបទល្មើស គគាត់ផ្តល់ព័ត៌មាភ្លាមៗ ហើយ សមត្ថកិច្ច បានចុះទៅទប់ស្កាត់ភា្លមៗ។
លោក អ៊ុក វិបុល បានបញ្ជាក់ថា កាលឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទ បាន ចំនួន ៣ ១៩៤ ករណី(សមុទ្រ១៤៨ ករណី) ធៀបឆ្នាំ២០២៣ កើន ១៤០ករណី ដោយមានការ ចូលរួម អន្តរាគមន៍បង្ក្រាប ពីកងកម្លាំង ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិសហគមន៍នេសាទ និងមានការ គាំទ្រពីមហាជន ជាពិសេស ពីក្រសួងមហាផ្ទៃ ។ ក្នុង នោះជនល្មើសជលផល ត្រូវបញ្ជូនទៅ តុលាការ ១៦២ករណី ហើយ ជនល្មើសដែល តុលាការសម្រេចឃុំខ្លួននៅ ពន្ធនាគារមានចំនួន៦៣ នាក់៕