គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណជាង២០%

0

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណជាង២០% ខណៈក្រុមការងារសាងសង់បាននិងកំពុងពន្លឿនការសាងសង់នេះ ដើម្បីឱ្យសម្រេចបានមុនឬតាមផែនការដែលបានកំណត់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានបន្តចុះពិនិត្យ តាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្រេចបានប្រមាណ ២០ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន បានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់ស្ពានគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់ ៤២ខែ ដោយមិន មានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ។ ក្រុមការងារបានវាយតម្លៃខ្ពង់ខ្ពស់ ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោង បានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភណភាព ។ អង្គភាពគ្រប់គ្រងគម្រោងបានជំរុញឱ្យក្រុមហ៊ុនបន្តពង្រឹងសុវត្ថិភាពការងារ បន្តទៀតដោយហេតុថាការងារកាន់តែមមាញឹក និងលយចូលជ្រៅទៅក្នុងទន្លេ និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នេះមានតម្លៃប្រមាណ ៦០ លានដុល្លារអាម៉េរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ ខែ ដោយប្រើឥណទានសម្បទាន របស់ចិន។ ស្ពាននេះមានប្រវែងសរុប ១ ៦៥០ ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ ទទឹងផ្លូវ ២៧ ម៉ែត្រ ផ្លូវ តភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងផ្លូវ ២៧ ម៉ែត្រ) មាន ៤ គន្លងរថយន្ត ២ គន្លងម៉ូតូ និង ២ គន្លងថ្មើរជើង។ គម្រោងស្ពាននេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕