ខេត្ត​ក្រចេះ​ជា​មូលដ្ឋាន​​រោងចក្រ​កែច្នៃ​ថ្ម​អារ​ធំ​ជាងគេ ក្នុងចំណោម ៦៨ ក្រុមហ៊ុន​មាន ២២ ក្រុមហ៊ុន​បោះ​ទីតាំង​ក្នុង​ខេត្ត​ក្រចេះ

0

បើ​តាម​មន្រ្តី​អគ្គនាយកដ្ឋាន​រ៉ែ​បាន​ឲ្យ​ដឹង​ថា ខេត្ត​ក្រចេះ​ជា​មជ្ឈមណ្ឌល​សម្រាប់​អាជីវកម្ម​កែច្នៃ​រ៉ែ​ថ្មអារ​​ធំជាង​គេ​ទូទាំង​ប្រទេស។ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៦៨ នៅ​ទូទាំង​ប្រទេស មាន​ចំនួន ២២ ក្រុមហ៊ុន​បាន​បោះ​មូលដ្ឋាន​រោងចក្រ​កែច្នៃ​នៅ​ខេត្ត​ក្រចេះ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​រ៉ែ គិត​មកទល់​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសមានចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០ គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​មាន​ក្រុមហ៊ុន​បោះ​មូលដ្ឋាន​ចំនួន ២២ ក្រុមហ៊ុន ស្មើ ២៧ គម្រោង គ្របដណ្តប់​លើ​ផ្ទៃដីប្រហាក់ប្រហែល ២ ០៦៥ ហិកតា។

បើ​អនុ​ប្រធាន​សមាគម៍​ថ្ម​អារ លោកស្រី ឡេង ដាវី ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​ក្រចេះ​ដែល​មាន​សក្តានុពល​ធនធាន​រ៉ែថ្ម​អារ​សម្រាប់​កែច្នៃ​គឺ​ស្រុក​សំបូរ និង​ស្រុក​ស្នួល។

ថ្មអារ សំដៅដល់ប្រភេទថ្មសំនង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែចច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមផ្សេងៗជាដើម ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការ​តុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានាដែលជាតម្រូវការ។

វិស័យថ្មអារ បានរួមចំណែកជាកម្លាំងចលករមួយដ៏សំខាន់ ខណៈ​ឆ្នាំ២០២៤ បាន​នាំ​ចំណូល​មិនមែនសារពើពន្ធ​​ប្រមាណ​ ៩០ លានដុល្លារអាមេរិក​ចូល​ថវិកាជាតិ។

បើតាម​អនុប្រធាន​សមាគម​ថ្ម​អារ​ ស្ទើរ​តែ​ ៩០% នៃ​ផលិតផលរ៉ែ​​ថ្ម​អារ​ដែល​​កែច្នៃ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​នាំ​ចេញទៅ​ក្រៅ​ប្រទេស។

យ៉ាងណាមិញ លោក​ស្រី ឡេង ដាវី ​អនុប្រធាន​សមាគម​ថ្ម​អារបាន​ថ្លែង​ថា កន្លងទៅ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សាកល​បាន​​ធ្វើ​ឲ្យ​តម្រូវការ​ថ្ម​អារ​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​អាជីវកម្ម​រ៉ែ​ថ្ម​អារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ស្ទើរ​តែ​ឈាន​ទៅ​រក​ការ​ដួល​រលំ​​។

លោក​ស្រី ឡេង ដាវី បាន​បញ្ជាក់​ថា ការ​ចេញ​មុខ​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា​របស់​រដ្ឋាភិបាល​ បាន​ជួយ​ស្រោចស្រង់​ស្ថានភាព​ឧស្សាហកម្ម​ថ្ម​អារ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យរស់រាន​ឡើងវិញ តាម​រយៈ​ការ​បន្ធូរបន្ថយ​ពន្ធ​ រួម​ទាំង​ការ​សម្រួល​នីតិវិធី​នាំ​ចេញ ដែ​ល​បាន​ជួយ​ឲ្យ​អាជីវកម្ម​រ៉ែ​ថ្ម​អារដែល​ស្ទើរ​តែ​ដួល​រលំ​​ទៅហើយ​នោះ​មាន​សន្ទុះ​រីក​ចម្រើន​កើន​ឡើង​ ៤ ដង គិត​មក​​ដល់ឆ្នាំ​២០២៤៕