វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន N-Genius បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការលើការពិសោធ ស្រាវជ្រាវ និងបណ្តុះបណ្តាល។
ឯកឧត្ដម ឡាវ វ៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន N-Genius ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្ដមនាយកវិទ្យាស្ថាន ឯកឧត្តមទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការវិទ្យាស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងសហការីក្រុមហ៊ុន N-Geniusកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ពិធីចុះអនុស្សរណៈនាឱកាសនេះ គឺដើម្បពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការលើការពិសោធ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលលើការពង្រឹងគុណភាពដី ដែលជាធាតុផ្សំដ៏ចម្បងក្នុងវិស័យសាធារណការ ដើម្បីឧត្តមប្រយោជន៍ដល់គ្នាទៅវិញទៅមក។
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនេះហើយ វិទ្យាស្ថាន និងក្រុមហ៊ុន ត្រៀមពង្រីកកិច្ចសហការជាមួយគ្នាបន្ដទៀត រួមមានដូចជាៈ ១). ការពិសោធ និងស្រាវជ្រាវ ២).ការធ្វើបាឋកថាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យសាធារណការ ជូនដល់និស្សិត និង ៣).ការផ្ដល់ឱកាសដល់និស្សិតវិទ្យាស្ថានធ្វើទស្សនកិច្ចសិក្សា កម្មសិក្សាបន្តនៅទីតាំងក្រុមហ៊ុន និងការដ្ឋានផ្ទាល់ផងដែរ៕