រាជរដ្ឋាភិបាល ចាប់ផ្តើមដំណើរការដោះស្រាយផលប៉ះពាល់ពីគម្រោង ព្រែកជីកហ្វូណនតេជោ

0

ដំណើរការ ដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោបានចាប់ផ្តើមហើយខណៈដែលដំណើរការផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប គ្រោងបញ្ចប់ការងារក្នុងកំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខ។

ឯកឧត្តម ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចូលរួមក្នុងវេទិកាពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងបច្ចេកទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម លោកអភិបាលនៃគណៈអភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងវេទិកាពិភាក្សានេះ អាជ្ញាធរពាក់ព័ន្ធបានយល់កាន់តែច្បាស់ពីផលប្រយោជន៍ជាសាធារណៈ នៃគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយនឹងក្រុមការងារអនុវត្តគម្រោង អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នឹងចុះផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពន្យល់លម្អិត និងពិនិត្យរួមគ្នាលើផលប៉ះពាល់ រីឯការដោះស្រាយផលប៉ះពាល់នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមក្ដីរំពឹងថា តាមរយៈគម្រោងប្រវត្តិសាស្រ្តនេះ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិចនៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។

គម្រោងព្រែកជីកហ្វូណនតេជោ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។

គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្រ។

គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។

កំណាត់ទី១ ចម្ងាយ ២១ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) វិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕