ក្រុមកុមារមកពីតាមបណ្តាអង្គការ និងក្រុមសិល្បករជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅវត្តដំណាក់ ក្រុងសៀមរាប ដើម្បីរៀបចំដំឡើងរូបតុក្កតាយក្ស ដែលធ្វើឡើងដោយឫស្សី ល្ពាក់ និងក្រដាសផ្សេងៗសម្រាប់យកទៅដង្ហែ នៅក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំមួយនៅក្នុងក្រុងសៀមរាប ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមានមនុស្សចូលរួមទស្សនាកម្សាន្ដរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្កតាយក្ស២០២៥ បានឱ្យដឹងថា គម្រោងតុក្កតាយក្ស បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០០៧។ គម្រោងនេះទទួលបានជោគជ័យ ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប។ ឆ្នាំនេះអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាបរួមគ្នាដង្ហែក្បួនតុក្កតាយក្ស ក្រោមប្រធានបទ យើងរួមគ្នាបង្កើតសិល្បខ្មែរ តួអង្គទេវកថា រាមកេរ្តិ៍ ដោយក្មេងៗប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលសរុប១៩។ ហើយប្រភេទតុក្កតាយក្សដែលក្រុមកុមារ និងក្រុមសិល្បករកំពុងតែមមាញឹកក្នុងការដំឡើងនេះមានចំនួន០៩៖ ១. ទេពមច្ឆា ២. គ្រុឌ ៣. ហនុមាន (រចនាបថបន្ទាយស្រី) ៤. នាគ (រចនាបថបាយ័ន) ៥. តោ (រចនាបថសំបូរព្រៃគុក) ៦. ព្រះគណេស ៧. នាងកិន្នរី ៨. មករ និងទី៩. អាសុរ (រចនាបថបាយ័ន)។
លោកបានបន្តថា សារៈសំខាន់នៃការដំឡើងនឹងដង្ហែតុក្កតាយក្សនេះគឺ ទី១. ក្មេងៗបានចូលរួមធ្វើការងារជាក្រុម ចេះច្នៃប្រឌិត និងមានការតស៊ូ ព្រោះការដំឡើងរូបតុក្កតាយក្សនេះ បានជួបការលំបាកជាច្រើន ជាពិសេសធ្វើឱ្យក្មេងៗទាំងនេះ បានដឹងពីប្រវត្តិសត្វ និងរូបនីមួយៗ ដែលពួកគាត់បាន។ ទី២. បានផ្តល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋតាមរយៈការទិញឫស្សី ល្ពាក់ និងសម្ភារផ្សេងៗរបស់ពួកគាត់ និងទី៣. បានសប្បាយ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប។
លោកបានបន្តថា ឆ្នាំនេះជាឆ្នាំទី១៥ហើយនៃព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនៅក្រុងសៀមរាបនេះហើយលោករំពឹងថា ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនាបានកាន់តែច្រើន ពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំ តុក្កតាយក្ស ដែលបានធ្វើមានភាពខុសគ្នារហូត។ នៅថ្ងៃខាងមុខ ក្រុមអ្នករៀបចំព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស និងក្រុមសិល្បករ មានគោលដៅចង់ដំឡើងរូបតុក្កត្តាខ្នាតធំដាក់ជាអចិន្រ្តៃយ៍ឆ្លងកាត់ស្ទឹងសៀមរាប តាមបណ្តោយស្ទឹង ឬនៅតាមសួនសាធារណៈដើម្បីបង្ហាញដល់ភ្ញៀវទេសចរ អំពីស្នាដៃចេះច្នៃប្រឌិតដ៏អស្ចារ្យរបស់កូនខ្មែរ។
សូមបញ្ជាក់ថា ក្បួនដង្ហែតុក្កតាយក្សនេះនឹងចាប់ផ្ដើមចេញពីរង្វង់មូលវត្ដដំណាក់ វេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ទៅតាមបណ្ដោយដងស្ទឹងសៀមរាប ឆ្ពោះទៅកាន់សួនច្បារព្រះរាជដំណាក់៕