ពលរដ្ឋជាង ២ពាន់នាក់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន បានមកដាក់ពាក្យស្នើសុំយកការដោះស្រាយពីអាជ្ញាធរខេត្តកំពត

0

ក្រោយពីអភិបាលខេត្តកំពតបានជួបសំណេះសំណាល និងបានបង្ហាញអំពីយន្តការដោះស្រាយដែលបានដាក់ចុះដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការកាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញដី តូប ពីក្រុមហ៊ុន ជា សារ៉ន នៅថ្ងៃចន្ទនេះពលរដ្ឋប្រមាណជាង ២ពាន់នាក់បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យពលរដ្ឋមកកាន់សាលាខេត្តដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ជៀសវាងជឿតាមការបំផុសរបស់ជនឆ្លៀតឱកាសមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិត។

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃបើកទទួលពាក្យស្នើសុំការដោះស្រាយដំបូង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបង្ហាញអំពីយន្តការការដោះស្រាយជំហានទី១ ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន នៅសាលមហាជន សាលាខេត្តកំពត ដែលមានប្រជាពលរដ្ឋប្រមាណជាង ២ពាន់នាក់បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឡែកខេត្តកំពតបញ្ហាដែលប្រជាពលរដ្ឋជាច្រើនគ្រួសារបានរងគ្រោះដោយសារការភូតកុហក់ពីសំណាក់ក្រុមហ៊ុន ជា សារ៉ន សម្តេចមហាបវរធិបតីបានគិតគូរជានិច្ច រហូតមានកិច្ចចង្អុលការដល់ក្រសួងយុត្តិធម៌ឱ្យធ្វើការស្រាវជ្រាវកិច្ចការងារនេះ រហូតឈានដល់ដាក់ចេញនូវយន្តការដោះស្រាយជំហានទី១នេះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្រាប់យន្តការជំហានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋដែលបានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លងកម្មសិទ្ធិជូន ចំពោះអ្នកមិនទាន់បង់គ្រប់បន្តការបង់លុយចូលគណនីសាលាដំបូងខេត្តកំពត។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា កន្លងមកមុនថ្ងៃនៃការទទួលពាក្យស្នើសុំការដោះស្រាយពីប្រជាពលរដ្ឋ ក៏មានជនឆ្លៀតឱកាសមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងយន្តការដោះស្រាយនេះ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពមិនច្បាស់លាស់ ដូច្នេះឯកឧត្តមអភិបាលខេត្តក៏បានធ្វើការជំរុញ និងស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកសាលាខេត្តជួបក្រុមការងារដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់និងពិតប្រាកដ។

ក្រោយពីទទួលបានកិច្ចចង្អុលការណ៍ នៃការដោះស្រាយ ជំហានទី១នេះ ប្រជាពលរដ្ឋបានអបអរសាទរ  នឹងគោរពដឹងគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូសុខទុក្ខចំពោះប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋដែលបានមកដាក់ពាក្យពាក្យស្នើសុំទទួលយកដំណោះស្រាយពីអាជ្ញាធរខេត្តកំពត ក៏បានសំដែងក្តីសប្បាយរីករាយ និងគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងគិតគូររកដំណោះស្រាយជូនពួកគាត់។ ទន្ទឹមនឹងនោះពួកគាត់ក៏ថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តដែលទទួលរងគ្រោះដោយសារក្រុមហ៊ុន ជា សារ៉ន ហើយឈានដល់មានដំណោះស្រាយនាពេល

នេះ។ គួររំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន និងបង្ហាញពីយន្តការដោះស្រាយជំហ៊ានទី១ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ នៅក្នុងបរិវេណវត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ហើយបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋដែលរងគ្រោះពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន មកដាក់ពាក្យស្នើសុំការដោះស្រាយចំពោះករណីទិញដី ទិញតូប នៅសាលមហាជនសាលាខេត្តកំពត៕