យោងតាមរបាយការណ៍ដែលបញ្ចេញឱ្យដឹងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញមានសំណង់អគារ ចាស់ បាក់បែកទ្រុឌទ្រោម ២១ កន្លែង ស្ថិតនៅខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង ។
គិតគូរនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារដែលងាយជួបហានិភ័យដល់អាយុជីវិតក្នុងការរស់នៅក្នុងស្ថានភាពបែបនេះ កាលពីចុង សប្ដាហ៍កន្លងទៅថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានអញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនៅក្នុងរាជធានី ភ្នំពេញ នៅទីស្តីការក្រសួង។
ជំនួបដ៏កក់ក្តៅនិងបើកចំហសម្រាប់ការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារដែលងាយរងហានិភ័យទាំងនេះដើម្បីរួមគ្នារកដំណោះស្រាយចំពោះអគារដែលមានសភាពចាស់ទ្រុឌទ្រោមដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារ និងបញ្ជៀសពីផលប៉ះពាល់នៃអំពើហិង្សានិងគ្រឿងញៀនចំពោះកូនចៅដែលរស់នៅក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះ ។
មានប្រសាសន៍ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីស្នើសុំកិច្ចសហការយោគយល់និងទទួលយកសំណើរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះថាតើពួកគាត់ចង់ទទួលបានផ្ទះសមរម្យសម្រាប់រស់នៅឬចង់បានជាសំណងបែបណាមួយដើម្បីឱ្យក្រុមការងារដោះស្រាយជូន ។
ឯកឧត្តមបន្តថា ទាក់ទិននឹងកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីការគាំទ្រដល់ក្រសួងរៀបចំដែនដី លើបញ្ហាចម្បង គឺការគិតគូរចំពោះសុវត្ថិភាព ពីព្រោះបញ្ហាគ្រោះថ្នាក់ដោយសារការបាក់រលំអគារដែលមានសភាពចាស់ទ្រុឌទ្រោមនេះ មិនអាចទស្សន៍ទាយទុកមុនបានទេ ។ឯកឧត្តមបានបរិយាយអំពីហានិភ័យថា ដូច្នេះប្រសិនបើមានការបាក់រលំអគារចាស់ទ្រុឌទ្រោមទាំងនេះ ហើយបង្កឱ្យមានការស្លាប់និងរបួសមនុស្សនៅពេលណាមួយនោះនឹងផ្ដល់នូវវិប្បដិសារីសម្រាប់ជាតិ សម្រាប់រាជរដ្ឋាភិបាលក៏ដូចជាយើងទាំងអស់គ្នា ។
ឯកឧត្តមបានទាញអារម្មណ៍អ្នកចូលរួម ដែលភាគច្រើនមានវ័យចំណាស់ថា ខ្លឹមសារវេទិកានៃជំនួបនេះ អ្វីដែលត្រូវផ្ដោតការគិតគូរជាចម្បងនោះ គឺសុវត្ថិភាពជាមុនសិន ។បន្ទាប់មកទើបត្រូវរៀបចំគណៈកម្មការត្រួតពិនិត្យថាតើត្រូវប្ដូរទីតាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឬដោះដូរជាសំណងបែបណាមួយ ?។
ក្នុងឱកាសនេះដែរប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមដើម្បីបញ្ជៀសនូវហានិភ័យប៉ះពាល់ដល់អាយុជីវិតនិងផ្ដល់នូវជម្រើសដ៏សមស្របសម្រាប់ប្រជាពលរដ្ឋក្នុងការដោះដូរចាកចេញពីទីតាំងកំពុងរស់នៅដែលប្រកបដោយហានិភ័យពីការបាក់រលំនេះ ៕