ចាប់ពីដើមខែកុម្ភៈឆ្នាំ២០២៥នេះមក គុណភាពខ្យល់នៅប្រទេសកម្ពុជាត្រូវបានវាស់ឃើញថាគុណភាពបានត្រឡប់ទៅរកភាពល្អប្រសើឡើងវិញហើយដោយកំហាប់ភាគល្អិតនិចលគិតជាមធ្យម ស្ថិតនៅក្រោមស្តង់ដា ៥០ ug/m3 ។
នេះបើយោងតាមក្រសួងបរិស្ថានដែលបានដាក់រាយឧបករណ៍វាស់ស្ទង់៦០កន្លែងនៅទីតាំងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។
ជាលទ្ធផលចុងក្រោយនេះ គឺស្ថានភាពគុណភាពខ្យល់នាពេលយប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥បាន វាស់ឃើញមានកំហាប់ភាគល្អិតនិចលគិតជាមធ្យម ស្មើនឹង ២៦.៧៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និង គិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ” ។
ស្ថានភាពល្អប្រសើឡើងវិញនៃគុណភាពខ្យល់នេះ បានកើតឡើងពីដើមខែកុម្ភៈមកដោយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានវាស់ឃើញមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ «ល្អណាស់»។
សូមរំលឹកថា កាលពីពាក់កណ្តាលខែមករាឆ្នាំ២០២៥មក ប្រទេសកម្ពុជាមានចុះអ័ព្ទ ដែលវាស់ឃើញមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមខ្ពស់ជាងស្តង់ដា ៥០ ug/m3 ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ហេតុបង្កឱ្យមានការកើនឡើងការបំពុលខ្យល់កាលពីខែមុននេះ មានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់ប្លាស្ទិក នៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ជាមួយគ្នានេះ កម្ពុជាទទួលឥទ្ធពលខ្យល់បក់ពីសមុទ្រចិនខាងត្បូងនាំយកមកជាមួយនូវកំហាប់ខ្យល់ពុលមកពីបណ្តាលប្រទេសនៅជុំវិញ។
ទន្ទឹមនេះឯកឧត្តម អ៊ាង សុផល្លែត បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ដោយមិនត្រូវធ្វើសកម្មភាពណាមួយ បណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ដូចជា ការដុតសំរាម ការដុតព្រៃ ការដុតជញ្ជ្រាំងនៅតាមវាលស្រែ និងការដុតប្លាស្ទិក ជាដើម។
ថ្វីបើគុណភាពខ្យល់នៅប្រទេសកម្ពុជាជាទូទៅបានវិលមករកភាពប្រក្រតីឡើងវិញក៏ដោយក៏តំបន់មួយចំនួនស្ថិតនៅក្នុងចំណាត់ថ្នាក់ពណ៌ទឹកក្រូច(ការបំពុលមធ្យម)នៅឡើយ ដូចជាខេត្តពោធិសាត់ជាដើម ដែលត្រូវបន្តតាមដាននិងបន្តចាត់វិធានការឆ្លើយតប៕