ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះ​ពិនិត្យ​ស្ថានភា​ពខ្វះទឹក នៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

0

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយឯកឧត្តម សុខ វិសាល អនុរដ្ឋ​លេខាធិការ ឯកឧត្តម ទុយ សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាល​ខេត្ត​តាកែវ លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​តាកែវ និង​មន្រ្តី​ជំនាញ លោកអភិបាលរងស្រុក ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំង ដែលប្រឈមនឹងបញ្ហាខ្វះទឹក នៅស្រុកទ្រាំង ខេត្តតាកែវ។

នាដំណើរបេសសកម្មនោះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ ​និងក្រុមការងារ​បានពិនិត្យ បានវាយតម្លៃឃើញថា ស្រូវ​អាចនឹងជួបបញ្ហាខ្វះទឹក នៅរយៈពេល​ពី១៥ ទៅ២០ថ្ងៃទៀត ប៉ុន្តែផលប៉ះ​ពាល់​មានប្រមាណចន្លោះពី១០ ទៅ១៥​ភាគរយនៃទិន្នផលស្រូវ ដោយសារស្រូវ​ភាគ​ច្រើនមានអាយុកាល៧០ថ្ងៃ ដូច្នេះនឹងមិនមានបញ្ហាប្រឈម​ខូចខាត​ទាំង​ស្រុង​នោះទេ។

តាមការបញ្ជាក់ឱ្យដឹងពីប្រជាកសិករ ដែលចូលរួមក្នុងកិច្ច​សំណេះសំណាល​នោះ​លើកឡើងថា នៅឃុំអង្គកែវនេះ ពុំមានប្រភពទឹកផ្សេងក្រៅពីបឹងភូមិជីច្រាប បច្ចុប្បន្ន​​ទឹកបឹងបានបូមរីងអស់ហើយ ដោយប្រជាពលរដ្ឋធ្វើស្រែ​ប្រាំងនៅជុំវិញ​នោះ (ក្នុងឃុំផែនការធ្វើស្រូវប្រាំង ១០០ហិកតា អនុវត្តបាន ៤០០ហិកតា លើស​​​៤ដងនៃផែនការ) ។ ទឹកដែលនៅសល់សម្រាប់ស្រោចស្រពគឺនៅតាមថ្លុក តាមស្រះ និងប្រឡាយ ដែលប្រជាពលរដ្ឋបានជីករៀងៗខ្លួននៅក្បែរស្រែ​របស់​គាត់ ហើយស្រូវ ដែលប្រឈមខ្វះខាតទឹកតិចតួចទេ ដោយសារស្រូវដល់​ដំណាក់​កាលឱនដាក់គ្រាប់ និងខ្លះទុំហើយ។ ប៉ុន្តែមានបញ្ហាប្រឈមមួយទៀត ​គឺសត្វ​កណ្ដុ​រ​​បំផ្លាញលើដំណាំស្រូវធ្វើមុន និងស្រូវដែលកំពុងទុំ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានបន្តដំណើរ​ទៅ​ពិនិត្យ​​មើលការ​ប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែល​ប្រជា​ពល​រដ្ឋ​​​​កំពុង​មមាញឹកច្រូតកាត់។ ចំណែកទីផ្សារមាន​ឈ្មួញចុះប្រមូល​ទិញ​ដល់​ស្រែ​​ក្នុង​តម្លៃ​ចន្លោះ​ពី ៧៧០រៀល ទៅ៨៥០រៀលក្នុងមួយគីឡូក្រាម។ ជារួមការ​ប្រមូលស្រូវ​នៅក្នុង​ខេត្តតាកែវ ទើបតែបានប្រមាណ១៤ភាគរយប៉ុណ្ណោះ ស្រូវអាច​ទុំច្រើននៅចុងខែកុម្ភ: និងខែមីនាខាងមុខនេះ។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពី​អត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដែល​កសិករ​​​​នឹងទទួលបានមានដូចជា៖ ការប្រើប្រាស់ពូជសុទ្ធរបស់ខ្មែរ ទទួលបាន​ទុន​ជា​ប្រាក់​កម្ចី​ពីធនាគារ មានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្ម​តិចជាងមុន មាន​តម្លៃល្អ​តាម​រយ:​​កសិកម្មតាមកិច្ចសន្យា និងអនុវត្តតាមផែនការ​ផលិតកម្ម​ជាដើម៕