ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង រៀបចំផ្លូវថ្មើរជើងពេលរាត្រី ដើម្បីវិស័យទេសចរណ៍

0

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាអំពីការចាប់ផ្តើមដំណើរការផ្លូវថ្មើរជើង រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដូចនៅរាជធានីភ្នំពេញ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណកម្សាន្ត និងអ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់ មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរ បែបចល័តក៏ទទួលបានឱកាសលក់អាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង គិតគូរលើចំណុចនេះដែរ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំតាមលំនាំសាលារាជធានីភ្នំពេញ គឺផ្លូវថ្មើរជើង សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយកំណត់ក្នុងចន្លោះពេលវេលាណាមួយ ដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា៖ ផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោម ជាដើម។

ពាក់ព័ន្ធការកែលម្អ សោភ័ណភាព និងការរៀបចំទីតាំងផ្សេងៗ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ និងបំរើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ អ្នកដើរកម្សាន្ត និងហាត់ប្រាណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ការស្រាវជ្រាវមួយរកឃើញថា ប្រជាជន ១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធរ រៀបចំទីតាំងសម្រាប់ពួកគាត់ ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត ដូចគ្នាដែរ រដ្ឋបាលក្រុង ស្រុក ចំណុះឱ្យខេត្តបាត់ដំបង ត្រូវមានការជួបប្រជុំពិភាក្សាគ្នាជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោល ក្នុងតំបន់គ្រប់គ្រងនៃមូលដ្ឋានរបស់ខ្លួន ជៀសវាងតំបន់មានសក្តានុពល ត្រូវបានប្រើប្រាស់ខុសគោលដៅ ដែលនាំឱ្យពិបាកដោះស្រាយនាថ្ងៃក្រោយ។ ឯកឧត្តម បានលើកឡើងនូវបទពិសោធដែលតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិ ភ្នំ និងអាកាសធាតុ ប្រៀបបានប្រទេសស្វីស ដែលត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់ដោយវិស័យឯកជន។

សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម សុខ លូ អភិបាល នៃ គណៈអភិបាលខេត្ត រដ្ឋបាល ខេត្ត បាត់ដំបង បានរៀបចំឱ្យមានផ្លូវ ថ្មើជើង ផ្លូវ ជិះកង់ សួនកម្សាន្ត កន្លែង ហាត់ ប្រាណ និង ដាំដើមឈើ សំដៅ លើកកម្ពស់សោភ័ណភាពនិងប្រែក្លាយ ក្រុង បាត់ដំបង ជា ទីក្រុង បៃតង បង្កើន ការ ទាក់ទាញ ភ្ញៀវ ទេសចរ ជាតិ -អន្តរជាតិ និង លើក កម្ពស់ សុខមាលភាពប្រជាជន៕