រដ្ឋមន្រ្តីប្រៃសណីយ៍៖ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ជាង ២០លាន និងអ្នកប្រើប្រាស់សេវាអ៊ីនធឺណិត​ចំនួន ១៩​លាន​

0

ឯកឧត្តម​​ ជា​ វ៉ាន់​ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍បាន​មានប្រសាសន៍ថា អ្នក​ប្រើប្រាស់​ទូរសព្ទ​ចល័ត និង​សេវាអ៊ីនធឺណិតនៅក្នុង​ប្រទេស​កម្ពុជា​បានកើនឡើង​ជា​បន្ត​បន្ទាប់ ។​គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​មាន​អ្នក​ប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​,៦លាន។មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង ចំណែកអ្នក​ប្រើ​ប្រាស់​សេ​វាអ៊ីនធឺណិតក៏កើនឡើងដល់​ចំនួន​១៩លាន​ ។

ឯកឧត្តម​​ ជា​ វ៉ាន់​ដេត បានមានប្រសាសន៍​នៅក្នុងពិធីបិ​ទស​ន្និ​បា​ត​កាលពីរសៀលថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០២៥ ទៀតថា ក្នុង​រយៈ​​ពេល​៥ឆ្នាំចុងក្រោយនេះ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បានផ្ដល់​អាជ្ញាបណ្ណ​ប្រតិបត្តិការ​ទូរគមនា​គមន៍សរុប​ចំនួន៥៩​ ក្នុងនោះ​អាជ្ញាបណ្ណ​ទូរសព្ទ​ចំនួន​៤អាជ្ញា​បណ្ណ​ ,ខ្សែកាបអុប​ទិកក្រោម​បាត​សមុទ្រ​ចំនួន២ អាជ្ញាបណ្ណ ,ខ្សែកាប​អុបទិក​​លើគោក​ចំនួន​៥ និងអ៊ីនធឺណិត​ចំនួន​៣៩​អាជ្ញាបណ្ណ ។

ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បង្ហាញតួលេខថា គិតត្រឹមឆ្នាំ​២០២៤​​ អ្នកប្រើប្រាស់​សេវា​ទូរសព្ទ​មានចំនួនប្រមាណ ​២០,៦​លាន​ និងសេវាអ៊ីន​ធឺណេតចំនួន ១៩​លាន​ ។ដើម្បីជំរុញ​ និងសម្រួល​ដល់ការ​ប្រើប្រាស់​កាន់តែ​ងាយស្រួល ​និង​លឿនរហ័ស ក្រ​សួ​ង​បានជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល​ រួមមាន​បង្គោល​អង់​តែនទូរសព្ទ បណ្ដាញ​ខ្សែ​កាប​អុបទិក​ក្រោម​បាតសមុទ្រ​ និងលើគោក ។ ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំមកនេះ ក្រសួង​បាន​សង់​បង្គោលអង់​តែន​ទូរសព្ទ​សរុបចំនួន ១១​ ៥១១​បង្គោល ។ក្រសួង​មានផែនការជំរុញ​សាងសង់​បង្គោលអង់តែន​ទូរសព្ទ​បន្ថែម​ចំនួន​ ៣ ៦៧៤​ ដែល​មានចំនួន​ស្ថានីយអង់តែន​សរុប ៦ ៣៥៥ ត្រឹមឆ្នាំ២០២៧ ។ដោយឡែក​នៅ​រា​ជ​ធា​នីភ្នំពេញ ក្រសួងបានសាងសង់​បង្គោល​​អង់តែន​បន្ថែម​ចំនួន ៤១៦​ ក្នុង​ចំណោម​១ ០០០​បង្គោល ។​ក្រសួងក៏​បាន​ចាត់ក្រុមការងារ​ចំនួន៩​ក្រុម​ ចុះត្រួត​ពិនិត្យ​អគារ​កម្ពស់​ចាប់ពី​៦ជាន់ឡើង ដើម្បីជំរុញ​សេវា​ទូរសព្ទ​ និងអ៊ីនធឺណិត​​នៅក្នុងអគារ ។

ក្រៅពីនៅរាជធានីភ្នំពេញ ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បានប​ន្ថែមថា ក្រសួង​បានសាងសង់​បង្គោល​អង់តែន​នៅ​ខេត្ត​តាកែវ ខេត្ត​កណ្ដាល និងខេត្តសៀមរាបចំនួន១៩២​ ក្នុង​ចំណោម​ផែនការ​ ៣៩៤បង្គោល​ និង​បន្តសាងសង់​បន្ថែមទៀត​នៅតាមទីរួម​ខេត្ត​ ទីរួម​ស្រុក​ និង​តំបន់ប្រជុំជន​នៅតាមឃុំ សង្កាត់ នៃ​បណ្ដាខេត្តនានា​ព្រមទាំង​នៅតាមតំបន់​ទេសចរណ៍ដាច់​ស្រយាល ដោយប្រើ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល ។ ​ដោយឡែក​សម្រាប់​បណ្ដាញ​ខ្សែកាបអុបទិក​​លើគោក​ក៏បាន​សាងសង់បាន​ប្រវែង​ប្រមាណ ៣៤ ៤៩១គីឡូម៉ែត្រ ក្នុងនោះ​បំពង់​កប់​ក្រោម​ដី​មានប្រវែង ២ ៩២៣​គីឡូម៉ែត្រ និងក្រោមបាត​សមុទ្រ​ប្រវែង ២៦ ៣០០​គីឡូម៉ែត្រ​ និង​គ្រោង​សាង​បណ្ដាញ​ថ្មី​ប្រវែង ២ ៨៨៧​គីឡូម៉ែត្រ​នៅឆ្នាំ ២០២៦ ៕