មន្ត្រីសាធារណការ និងក្រុមវិស្វករក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានចុះពិនិត្យពីស្ថានភាព​ផ្លូវដែលមានស្នាម​ប្រេះ​នៅ​ចំណុចគីឡូម៉ែត្រលេខ៩៨

0

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមការចង្អុលបង្ហាញ​ពី​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី និងតាមការណែនាំអនុវត្ត ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រង​គម្រោង ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេស ដែលរួមមាន ឯកឧត្តម​អគ្គនាយក​បច្ចេកទេស អគ្គនាយករង ប្រធាននាយកដ្ឋានផ្លូវល្បឿនលឿន និង​ស្ពានធំៗ និងក្រុមវិស្វករក្រុមហ៊ុនផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ បានចុះពិនិត្យពីស្ថានភាពទីតំាងគីឡូម៉ែត្រ​លេខ៩៨​(ខាងឆ្វេងដៃ ទិសដៅភ្នំពេញ-ក្រុងព្រះ​សីហនុ) នៃផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ត្រង់ចំណុចសួនឧទ្យានជាតិបូកគោ ដែលចុង​រដូវវស្សា​កន្លងទៅ​មានទឹកភ្លៀងហូរច្រោះ និងស្នាមប្រេះដីតាម​ចំរាក់ចង្កេះភ្នំ ហើយអាចនឹងមានផលប៉ះពាល់ដល់ផ្លូវល្បឿនលឿន ពិសេស​នៅរដូវភ្លៀងខាងមុខ។

ប្រភពដដែលបញ្ជាក់ថា កន្លងទៅមានដីភ្នំ និងថ្មភ្នំបានបាក់គ្របជិត​លើប្រឡាយអមផ្លូវ នៅត្រង់ចំណុចខាងលើ គ្រាដែល​ភ្លៀងធ្លាក់ខ្លាំង ហើយត្រូវបានចុះដោះស្រាយបានទាល់ពេលវេលា ព្រមទាំងតាមដាន​ជាប្រចាំ ជៀសវាងប៉ះពាល់ដល់ការធ្វើ​ចរាចរណ៍។

តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងតំបន់នេះមានចំណោត​ទឹកហូរខ្លាំង ដែលអាចនឹងបន្តបាក់ស្រុតដោយ​សារ​ការរអិលបាក់ដី និងថ្មភ្នំ ទ្រង់ទ្រាយធំនៅរដូវភ្លៀងខាងមុខប្រសិនបើមិនមានវិធានការ​ទប់ស្កាត់។ ដូចនេះ​ក្រុមការងារ​បានស្នើឱ្យក្រុមហ៊ុនសិក្សាលម្អិតបន្ថែម​ទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសប្រព័ន្ធលំហូរ ដើម្បីពង្វាងចរន្តទឹក និងរៀបចំឯកសារស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យសម្រេច ជាពិសេសក្រសួងបរិស្ថាន៕