រដ្ឋាភិបាលឌីជីថលនៅកម្ពុជាបានចាប់ផ្តើមបោះជំហាន

0

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦កុម្ភ: ឆ្នាំ២០២៥ ក្នុងឱកាសបិទសន្និបាត ការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានណែនាំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ដើម្បីដាក់ឱ្យប្រើប្រាស់ថ្នាល និង កម្មវិធីរដ្ឋាភិបាលឌីជីថល ដែល ត្រូវបានទទួលស្គាល់ជាថ្នាលរបស់រាជរដ្ឋាភិបាល, ជាពិសេស ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដែលត្រូវបានពិភពលោក ទទួលស្គាល់ ជាជាងប្រើប្រាស់ថ្នាល និងកម្មវិធីឌីជីថលរបស់បរទេស ដែលប្រមូលនិងផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្រៅប្រទេស។

ការណែនាំអោយប្រើប្រាស់ថ្នាល និង កម្មវិធីរដ្ឋាភិបាលឌីជីថលនេះ បានធ្វើឡើងបន្ទាប់ពី កាលពីដើមឆ្នាំ២០២២ រដ្ឋាភិបាលបានបង្កើតគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ស្របតាមនិន្នាការនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលដែលមានការវិវត្តប្រសើរឡើង ជាលំដាប់នៅគ្រប់តំបន់ក្នុងពិភពលោក។

ការបោះជំហានក្នុងសកម្មភាពជារដ្ឋាភិបាលឌីជីថលនេះ ក្រោយពេលរដ្ឋាភិបាលបានបង្កើត គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងចក្ខុវិស័យ ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្ត ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

គោលនយោបាយនេះមានគោលបំណង កសាងរដ្ឋាភិបាលឆ្លាតវៃ ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចនិងការកែទម្រង់ លើគ្រប់វិស័យ ប្រកបដោយតម្លាភាពនិងភាពជឿទុកចិត្ត សំដៅបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។

ការរៀបចំរដ្ឋាភិបាលឌីជីថលគឺ ជាការរៀបចំប្រព័ន្ធអភិបាលកិច្ច ការកែលម្អនិងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈ តាមរយៈការ ធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងស្ថាប័នលើការគ្រប់គ្រងនិងរចនាសម្ព័ន្ធ ដែលនាំឱ្យប្រជាពលរដ្ឋនិងធុរកិច្ចចាប់យកនិង ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព ការបើកចំហ ក៏ដូចជាជំរុញសន្ទុះនៃការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

យោងតាមសៀវភៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ចេញផ្សាយដើមឆ្នាំ២០២២បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនិងគោលបំណងខាងលើ រាជរដ្ឋាភិបាលដាក់ចេញគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដូចជា៖ ការរៀបចំនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល។ ការរៀបចំនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់ សេវាសាធារណៈ។ ការរៀបចំនិងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍។

ជាមួយគ្នាក៏មានការរៀបចំអភិបាលកិច្ចរដ្ឋាភិបាលឌីជីថល ព្រមទាំងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ ដូចជា ការធ្វើឱ្យប្រសើរសេវា ពីរដ្ឋាភិបាលទៅរដ្ឋាភិបាល ។ ការធ្វើឱ្យប្រសើរសេវាសាធារណៈពីរដ្ឋាភិបាលដើម្បីប្រជាពលរដ្ឋ និងការធ្វើឱ្យប្រសើរសេវាសាធារណៈពីរដ្ឋាភិបាលទៅធុរកិច្ច ។

ទន្ទឹមគ្នានេះក៏ចាំបាច់រៀបចំកសាងមូលធនមនុស្សឌីជីថល ស្របគ្នានិង ការលើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលព្រមទាំងការរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល។ហើយចុងក្រោយគឺការរៀបចំលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល។

សូមបញ្ជាក់ថា ទន្ទឹមនឹងចេញគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើការងារបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការកសាងរដ្ឋាភិបាលឌីជីថល ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គឺជាសសរស្តម្ភចាំបាច់ និងត្រូវបោះជំហានមុន ដើម្បីជំរុញល្បឿនក្នុងការកសាងពលរដ្ឋនិង ធុរកិច្ចឌីជីថល និងធានាភាពជោគជ័យខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលទាំងមូលនៅប្រទេសកម្ពុជា។

ស្ថិតនៅក្នុងបរិបទបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដូចជា ទិន្នន័យធំ, ប្រព័ន្ធអ៊ីនធឺណិត នៃវត្ថុ, បញ្ញាសិប្បនិម្មិត, កុំព្យូទ័រក្លោដ និងប្លុកឆេន បានជំរុញឱ្យរដ្ឋាភិបាល ធ្វើការផ្លាស់ប្តូររបៀបបម្រើសេវា និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងធុរកិច្ច តាមបែបរដ្ឋាភិបាលអេឡិចត្រូនិកដែលមានប្រព័ន្ធព័ត៌មានឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងទិន្នន័យដាច់ដោយឡែក មកជារដ្ឋាភិបាលឌីជីថលដែលមានប្រព័ន្ធរដ្ឋាភិបាលឌីជីថលរួម។

ដំណើរការនៃរដ្ឋាភិបាលឌីជីថលត្រូវឈរលើប្រព័ន្ធអភិបាលកិច្ចរួម ដែលគ្រប់ក្រសួង ស្ថាប័នទាំងអស់ ជាផ្នែកមួយ និងធ្វើអន្តរកម្មទៅវិញទៅមកក្នុងប្រព័ន្ធនេះ។ ក្រសួងស្ថាប័ន នីមួយៗអាចរៀបចំ និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានឌីជីថលសម្រាប់បម្រើសេវា ផ្ទៃក្នុង និងសេវាសាធារណៈរបស់ខ្លួន ដោយត្រូវមានការតភ្ជាប់គ្នា ចែករំលែក ទិន្នន័យ និងបំពេញមុខងារជាប្រព័ន្ធរដ្ឋាភិបាលឌីជីថលតែមួយ៕